(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញទៅកាន់វត្តលង្កា ដើម្បីប្រគេនដើមពោធិព្រឹក្ស ដែលយកមកពីក្រុងអនុរាធបុរៈ ប្រទេសស្រីលង្កា ជូនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្ការួចហើយនោះ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ លោក Maithripala Sirisena បានបន្តអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ។

ឈើទាំងនោះមានចំ នួន១០ដើម គឺជាអំណោយរបស់លោក សម្រាប់មជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ។

សូមបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ លោកបានចូលគាល់ព្រះមហាក្សត្រ ចូលគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ បំពាក់កម្រងផ្កានៅវិមានឯករាជ្យ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ព្រមទាំងជួបពិភាក្សាការងារទ្វេភាគី និងពិសារបាយសាមគ្គីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ព្រមទាំងទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នផងដែរ៕