(ភ្នំពេញ)៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីក្រុមរថយន្តអគ្គិភ័យប្រចាំខណ្ឌ, កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ,អាជ្ញាធរសង្កាត់ចោមចៅទី២, ព្រះសង្ឃជាច្រើនអង្គ វត្តគោកបញ្ជាន់ និងកម្លាំងអនាម័យ ក្រុមហ៊ុនស៊ិនទ្រី បាននាំគ្នាធ្វើអនាម័យ សំអាតសំរាម តាមចិញ្ចើមថ្នល់ និងលាងសំអាតកំទេចដី ដែលកកលើទ្រូវផ្លូវ នៅកំណាត់ផ្លូវចោមចៅ ចាប់ពីផែស្ងួតសូងួន រហូតដល់រង្វង់មូលចោមចៅ ក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ។

លោក ប៉ាង លីដា បានថ្លែងថា ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន តាមដងផ្លូវឱ្យបានប្រសើឡើង និងរួមចំណែកជួយដល់សុខុមាលភាព ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងអ្នករស់នៅជិតខាងនៃផ្លូវ ចៀសផុតពីផលប៉ះពាល់ផ្លូវដង្ហើម ដោយសារតែស្រូបធូលីដីចូល ជានិច្ចកាល លោកតែងដឹកនាំកម្លាំងធ្វើអនាម័យ ប្រមូលសំរាម លាងសំអាតកំណកដី ដែលកកលើទ្រូងផ្លូវជាបន្តបន្ទាប់ ពិសេសផ្លូវសំខាន់ៗ ដែលមានចរាចរណ៍មមាញឹក។

តែអ្វីជាការហួសចិត្តសំរាប់ថ្ងៃនេះ មាត់លូមួយកន្លែង នៅមុខផែស្ងួតសូងួន ត្រូវបានគេយកបេតុង ចាក់បិទមាត់លូជិត មិនឱ្យទឹកហូរចូលលូបានទេ ជាមួយនេះ នៅក្នុងអណ្តូងលូ ពេញទៅដោយដីខ្សាច់ ពេញហៀរដល់គំរបលូតែម្តង ហើយលូសំរាប់បង្ហូរទឹកទៅលូមេ ក៏ត្រូវដីខ្សាច់បិទជិតផងដែរ នេះមិនមែនអចេតនាទេ គឺជាចេតនារបស់មនុស្សច្បាស់ណាស់ បើមិនបានជួយជ្រោមជ្រែងដល់អាជ្ញាធរទេ គឺចូលរួមបំផ្លាញថែមទៀត។

ក្នុងរូបភាពបែបនេះ មិនដែលអ្នកនៅឆ្ងាយឯណា ហ៊ានយកបេតុង មកចាក់បិទមាត់លូ និងចាក់ដីខ្សាច់បិទអណ្តូងលូ នៅទីនេះបានទេ ក្នុងករណីជាក់ស្តែងបែបនេះ លោកអភិបាលរងខណ្ឌ នឹងរាយការណ៍ទៅលោកអភិបាលខណ្ឌ តើមានវិធានការបែបណានោះ នឹងអនុវត្តតាមនីតិវិធីនាពេលក្រោយ។

ក្នុងនាមគណៈអភិបាលខណ្ឌ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នា ធ្វើអនាម័យ ទុកដាក់សំរាមឱ្យបានល្អ និងបញ្ចេញសំរាមតាមពេលកំណត់ បើគ្មានការចូលរួមពីប្រជាពលរដ្ឋ ដែលជាអ្នកបង្កើតសំរាមទេ ទោះបីគណៈអភិបាលខណ្ឌ និងព្រះសង្ឃទូទាំងខណ្ឌពោធិ៍សែនជ័យ ចុះមករើសសំរាមមុខផ្ទះបងប្អូនរាល់ថ្ងៃ ក៍សំរាមមិនចេះអស់ដែរ៕