(កោះកុង)៖ លោក សុវណ្ណ ប៊ុនធឿន ប្រធានច្រកទ្វារព្រំដែនអន្តរជាតិចាំយាម សហការជាមួយយោធាទំនាក់ទំនងព្រំដែន ថៃ-កម្ពុជា និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបាងកក ប្រចាំខេត្តត្រាត ប្រទេសថៃ បានពាំនាំនូវអំណោយសប្បុរសជនមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រ នូវគ្រឿងឧបភោគបរិភោគ ភួយ ថ្នាំពេទ្យ និងសម្ភារសិក្សា ជូនដល់សិស្សានុសិស្ស នៅភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

ពិធីផ្តល់អំណោយមនុស្សធម៌ បានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង កម្លាំងសមត្ថកិច្ច និងយុវជន ស.ស.យ.ក។

លោក សុវណ្ណ ប៊ុនធឿន បានថ្លែងថា ដើម្បីរឹតចំណងមិត្តភាព រវាងខេត្តកោះកុង និងខេត្តត្រាត និងដោយមានការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំខេត្ត លោកបានពាំនាំ នូវអំណោយសប្បុរសធម៌ របស់ភាគីថៃនូវគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ ថវិកា និងសម្ភារសិក្សាជូនសិស្ស និងប្រជាពលរដ្ឋក្រីក្រ រស់នៅឆ្ងាយដាច់ស្រយោលជាតំបន់ព្រៃភ្នំនេះ។

លោក អន សុធារិទ្ធិ បានថ្លែងថា លោកមានសេចក្តីសោមន្សរីរាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សុវណ្ណ ប៊ុនធឿន និងកម្លាំងយោធាទំនាក់ទំនងព្រំដែន ក្រុមគ្រូពេទ្យបាងកកសាខា ខេត្តត្រាត ប្រទេសថៃ ដែលបានយកចិត្តទុកគិតគូរ ពីភាពលំបាករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្រីក្រ ក្នុងមូលដ្ឋានរបស់លោក។

លោកបានថ្លែងបន្តថា នេះជាសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃមួយគួរឱ្យកោតសរសើរ ដោយលោករំពឹងថា ក្រុមការងារច្រកទ្វារព្រំដែន និងភាគីថៃ បន្តផ្តល់អំណោយបន្ថែមទៀត ជូនពលរដ្ឋដែលកំពុងខ្វះខាត នៅតំបន់មួយចំនួនទៀតផងដែរ៕