(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម​ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានសេចក្ដីជូនដំណឹងអំពីស្ថានភាពទឹកទន្លេមេគង្គ ដែលរហូតមកដល់ពេលនេះ បានហក់ឡើងបន្ដិច តែពុំទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងធនធានទឹកបញ្ជាក់ថា ការហក់ឡើងនៃទឹកទន្លេមេគង្គ ដោយសារតែមួយរយៈនេះ មានភ្លៀងធ្លាក់ពីកម្រិតច្រើនបង្គូរទៅខ្លាំង ពិសេសនៅប៉ាកសេ ប្រទេសឡាវ, ខុងជាម ប្រទេសថៃ និងប្រទេសវៀតណាម ដែលបណ្ដាលឲ្យទឹកទន្លេស្រែពក និងទន្លេសេសានបានហក់ឡើង គួបផ្សំនឹងការបើកទ្វារទឹកនៅវារីអគ្គិសនីសេសាន២។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គតំបន់ទំនាបនានា គិតគូរប្រមូលកសិផលឲ្យបានទាន់ទឹក និងយកចិត្តទុកដាក់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕