(កែប)៖ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តកែប ដែលបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សហការជាមួយរដ្ឋបាលខេត្តកែប ដោយមានការចូលរួមពីអាជ្ញាធរខេត្ត តំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត រួមទាំងតំណាងអង្គការ សមាគម និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។

តាមរយៈវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិលបានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពថែមទៀត ជាមួយភាគីពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។ នៅក្នុងអង្គវេទិកានេះដែរ បញ្ហាប្រឈមជាក់ស្តែង រួមទាំងសំណូមពរមួយចំនួនដែលអង្គការសង្គមស៊ីវិលបានជួបប្រទះនាពេលកន្លងមក ត្រូវបានលើកយកមកពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាននិងរដ្ឋបាលខេត្តដោយត្រង់ទៅត្រង់មកនិងយ៉ាងផុសផុល ដើម្បីសហការស្វែងរកដំណោះស្រាយជាមួយគ្នា។

ថ្លែងក្នុងអង្គវេទិកាកាលពីព្រឹកមិញនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានវាយតម្លៃខ្ពស់ ចំពោះលំហសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅក្នុងខេត្តកែប ឆ្លុះបញ្ចាំងតាមរយៈសកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានអនុវត្តតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់បានយ៉ាងល្អប្រសើរ តាមសិទ្ធិសេរីភាពពេញលេញរបស់ខ្លួន ក្នុងការប្រតិបត្តិការងាររបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព និងគ្មានការប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍជាក់ស្តែងនៅ ថ្នាក់មូលដ្ឋាន។ លោកក៏លើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តទាំងអស់ បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសរាជរដ្ឋាភិបាល ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ក្នុងបរិយាកាសស្និទ្ធស្នាល និងដោយឆន្ទៈស្មោះត្រង់ជាមួយគ្នា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសការលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។