(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ រៀបចំយន្តការ សម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះឲ្យបានជោគជ័យ។

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ទៀតថា សម្រាប់ការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ អាជ្ញាធរនឹងប្រើប្រាស់តែកងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ រីឯកម្លាំងយោធា គ្រាន់តែត្រៀមសម្រាប់អន្តរាគមន៍ ក្នុងករណីមានបញ្ហាចាំបាច់កើតឡើង។

នាយឧត្តមសេនីយ៍ នេត សាវឿន បន្តថាស្នងការរាជធានី-ខេត្ត ដែលមានក្រុមហ៊ុនសន្តិសុខឯកជន ត្រូវរៀបចំកម្លាំងសន្តិសុខឯកជន និងប្រជាការពារ ដើម្បីជាកម្លាំងជំនួយផងដែរ ក្នុងករណីកម្លាំងមិនគ្រប់គ្រាន់ ហើយសម្រាប់កិច្ចការពារនេះ កម្លាំងសមត្ថកិច្ចទាំងអស់ មានភារកិច្ចការពារតែនៅខាងក្រៅបរិវេណ មណ្ឌលប្រឡងតែប៉ុណ្ណោះ ប៉ុន្តែកម្លាំងអាចចូលក្នុងបរិវេណមណ្ឌលប្រឡងបាននោះ លុះត្រាមានការហៅជួយអន្តរាគមន៍ពីប្រធានមណ្ឌលក្នុង ករណីមានការចាំបាច់។

នាយឧត្តមសេនីយ៍ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងស្នងការ កងរាជអាវុធហត្ថ ក៏ដូចជាកងយោធពលខេមរភូមិន្ទ បានឯកភាពគ្នាកំណត់យកថ្ងៃទី១៥ ខែសីហា ជាថ្ងៃចំណុចខ្ពស់មួយសម្រាប់រឹតបន្តឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ហើយដើម្បីបង្កលក្ខណៈឲ្យ ថ្ងៃប្រឡងទី១៩ និងថ្ងៃទី២០ ដំណើរការបានជោគជ័យ ត្រូវត្រៀមលក្ខណៈការពារ៣ចំណុច៖

*ទី១៖ ការពារការដឹកជញ្ជូនវិញ្ញាសាប្រឡង
*ទី២៖ ការពារទីកន្លែងទុកដាក់វិញ្ញាសា
*ទី៣៖ ការពារបរិវេណមណ្ឌលប្រឡង។

អគ្គស្នងការនគរបាលជាតិ ក៏បានសំណូមពរដល់ក្រសួងអប់រំ ដែលទទួលបន្ទុករៀបចំការប្រលងសញ្ញាប័ត្រទុតិយភូមិឆ្នាំ២០១៩នេះ រួមមាន៖ ទី១៖ ហាមមិនឲ្យកងកម្លាំងប្រដាប់អាវុធចូលក្នុងបរិវេណមណ្ឌលប្រលង, ទី២៖ ការឆែកឆេរបេក្ខជនមុនចូលបន្ទប់ប្រលង ក៏មិនត្រូវប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដែរ និងទី៣៖ ការរក្សាទុកសម្ភារអេឡិកត្រូនិច សំណូមពរឲ្យខាងមណ្ឌលចាត់ចែងម្ចាស់ការលើខ្លួនឯង ទាំងកន្លែងរក្សាទុក និងកំណត់ហេតុផ្សេងៗ នៅតាមណ្ឌលប្រលងដោយផ្ទាល់។

លោកបានលើកសំណូមពរឲ្យប្រើប្រាស់កម្លាំងយុវជន គ្រូបង្រៀន ក្រុមយុវជនកាយរិទ្ធ ឬក៏ជានារីដើម្បីធ្វើការងារនេះ លើកលែងតែមានករណីចាំបាច់ ស្នើរសុំភ្លាមៗករណីមានគ្រឿងផ្ទុះ សារជាតិពុល និងករណីហិង្សា ទើបត្រូវការកម្លាំងមានសមត្ថកិច្ចដើម្បីអន្តាគមន៍ទាន់ពេលវេលា៕