(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនលោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា និងភរិយា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

នៅក្នុងពិធីលៀងសាយភោជន៍ជាលក្ខណៈគ្រួសារ ដែលប្រារព្វធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភោគីត្រាភ្នំពេញ លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា និងលោកភរិយា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវភាពស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ចំពោះវត្តមានរបស់លោកប្រធានាធិបតី និងភរិយា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់មានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងសាសនា ជាមួយគ្នាដ៏យូរលង់ណាស់មកហើយនោះ។

ដូចគ្នានិងអ្វីដែលបានលើកឡើងនៅក្នុងជំនួបទ្វេភាគី ដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែសីហាម្សិលមិញ លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ទំនាក់ទំនងរវាងកម្ពុជានិងស្រីលង្កា គឺមានជាយូរលង់ណាស់មកហើយ នោះគឺជាង ១ពាន់ឆ្នាំមកហើយ ហើយទំនាក់ទំនងនេះ គឺមានមូលដ្ឋានលើទស្សនវិជ្ជាខាងពុទ្ធសាសនា និងទំនាក់ទំនងខាងសាសនាផងដែរ។

លើពីនេះទៅទៀតលោកប្រធានាធិបតីក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងនោះលោកបានលើកឡើងធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈ ទី១ វិស័យអប់រំ ទី២ វិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអាកាសចរណ៍ស៊ីវិល និងជាពិសេសទៀតជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ឬពីកម្ពុជាទៅប្រទេសស្រីលង្កា។

ដូចអ្វីដែលមានប្រសាសន៍លើកឡើងក្នុងជំនួបកំពូលកាលពីថ្ងៃទី៨ ខែសីហា នៅក្នុងពិធីលៀងសាយភោជន៍នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម។

សម្ដេចបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺនៅតូចនៅឡើយ ដូច្នេះប្រទេសទាំងពីរ គប្បីពិនិត្យមើលលទ្ធភាពដទៃទៀត ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្ម កាន់តែធំឡើងថែមទៀត និងវិនិយោគកាន់តែច្រើនឡើងថែមទៀតរវាងប្រទេសទាំងពីរ ដូចគ្នាផងដែរលើវិស័យទេសចរណ៍ វិស័យសាសនា និងវិស័យអប់រំ។

សូមបញ្ជាក់ថា លោកប្រធានាធិបតីស្រីលង្កា និងភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី៧សីហា និងគ្រោងធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសស្រីលង្កាវិញ នៅថ្ងៃទី១០ ខែសីហាស្អែកនេះ៕