(ភ្នំពេញ)៖ លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កម្មវិធី Erasmus+ បានផ្ដល់អាហារូបករណ៍ជាច្រើនប្រភេទ ដល់និស្សិតម្នាក់ៗ តាមរយៈកម្មវិធីសិក្សាចល័តផ្ទេរក្រេឌីតជាអន្តរជាតិ (International Credit Mobility)មាន បរិញ្ញាបត្រជាន់ខ្ពស់ចម្រុះសាកលវិទ្យាល័យ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាមួយនឹងការឧបត្ថម្ភ អាហារូបករណ៍ពេញលេញ។

គិតចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩នេះ កម្មវិធី Erasmus+ ដែលទទួលបានថវិកាឧបត្ថម្ភពីសហភាពអឺរ៉ុប ដោយបានផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសាកលវិទ្យាល័យនៅកម្ពុជាជាង ៩០០នាក់ ឱ្យទៅបន្តការសិក្សា និងបណ្ដុះបណ្ដាល ឬធ្វើបាឋកថានៅក្នុងប្រទេសសហភាពអឺរ៉ុប។

លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធី Erasmus+ ដែលជាកម្មវិធីផ្តល់អាហារូបករណ៍ឱ្យនិស្សិតទៅសិក្សា នឹងធ្វើការនៅសហភាពអឺរ៉ុប នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លោក George EDGAR បានបញ្ជាក់ទៀតថា បុគ្គលិក និងនិស្សិតដែលទទួលបានអាហារូបរណ៍ ពួកគេភាគច្រើន ទទួលបានអាហារូបករណ៍តាមរយៈកម្មវិធីសិក្សាចល័តផ្ទេរក្រេឌីត ជាអន្តរជាតិ(International Credit Mobility) សម្រាប់រយៈពេលច្រើនបំផុត ១២ខែ។

លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបញ្ជាក់ទៀតថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជាឋិតនៅខាងក្រោយឆ្ងាយជាងប្រទេសជិតខាងជាពិសេសថៃ និងវៀតណាម បើគិតពីចំនួនពាក្យសុំអាហារូបករណ៍ និងអត្រាជោគជ័យ ដើម្បីទទួលបានបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចម្រុះសាកលវិទ្យាល័យ (Erasmus Mundus Joint Master Degree) ជាមួយនឹងការផ្ដល់អាហារូបករណ៍ពេញលេញពីកម្មវិធីនេះ។ លោកថា «យើងជឿថា ចាំបាច់ត្រូវមានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសអាហារូបករណ៍ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ហើយនេះ គឺជាមូលហេតុដែលប្រតិភូសហភាពអឺរ៉ុប សមាគមអតីតនិស្សិត Erasmus Mundus កម្ពុជាកំពុងធ្វើ»។

លោក George EDGAR បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៩នេះ ក្រោមកម្មវិធីសិក្សាចល័តផ្ទេរក្រេឌីតជាអន្តរជាតិ Erasmus សហភាពអឺរ៉ុបបានផ្ដល់ថវិកាគាំទ្រដល់និស្សិត និងបុគ្គលិកសាកលវិទ្យាល័យចំនួន៨៧ នាក់ (បុគ្គលិកសាកលវិទ្យាល័យ ៦៧នាក់ និងសិស្ស ២០នាក់) ឱ្យទៅបន្តការសិក្សាទទួលបានការបណ្ដុះបណ្ដាល ឬបង្រៀនរហូតដល់រយៈពេល ១២ខែ នៅតាមសាកលវិទ្យាល័យនាំមុខគេនៅអឺរ៉ុប ដូចជា នៅប្រទេសអូទ្រីស បារាំង អាល្លឺម៉ង់ អ៊ីតាលី លីទុយអានី ប៉ូឡូញ ព័រទុយហ្កាល់ រ៉ូម៉ានី អេស្ប៉ាញ ស៊ុយអែត និងតួកគី ជាដើម។

ស្របពេលជាមួយគ្នានេះដែរ បុគ្គលិកសិក្សាប្រមាណ ៣៦នាក់ មកពីសាកលវិទ្យាល័យចំនួន ២៣មកពីប្រទេសចំនួន៨ ដែលចូលរួមក្នុងកម្មវិធីនេះ មកបង្រៀនរហូតដល់រយៈពេល ២ខែ ក្នុងសាកលវិទ្យាល័យចំនួន៧ នៅកម្ពុជាដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យ ហ្សាម៉ាន់ សាកលវិទ្យាល័យលីមកុកវីង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យអន្តរជាតិ ក្រោមគម្រោងកិច្ចព្រមព្រៀងភាពជាដៃគូរវាងសាកលវិទ្យាល័យ ដែលកំពុងបន្តអនុវត្តនាពេលបច្ចុប្បន្ននេះ។

កញ្ញា ឡាយ ស៊ីវហុង ជានិស្សិត ដែលបានបញ្ចប់កាសិក្សាកម្មវិធីអាហារូបករណ៍ទៅសហភាពអឺរ៉ុប បានលើកឡើងថា ដើម្បីបានទទួលអាហារូបរណ៍នេះវាពិតជាមិនងាយស្រួលនោះទេ ដោយដើម្បីត្រៀមខ្លួនទទួលបានរូបករណ៍នេះ ក្រៅពីពង្រឹងការៀនសូត្រឱ្យបានពិន្ទុល្អហើយ នៅមានការចូលរួមជាច្រើនជាមួយនឹងការងារសង្គម ដើម្បីឱ្យទទួលបានបទពិសោធន៍ឱ្យបានច្រើន ដែលការងារខាងក្រៅច្រើននេះហើយ គឺបានធ្វើឱ្យយើងទទួលបានបទពិសោធន៍ច្រើន នឹងត្រូវបានគេឱ្យតម្លៃច្រើនដូចគ្នា៕