(កំពង់ស្ពឺ)៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៦គ្រួសារ ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ លោក វ៉ី សំណាង បានពាំនាំការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ នំធុង១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកា ២០,០០០រៀលផងដែរ៕