(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារឆែប ស្ថិតក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារ។

មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា លទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖ ទឹកក្រូចចម្រុះ ចំនួន០៦ដប, ទឹកស៊ីរ៉ូ ចំនួន០៤ដប, ទឹកខ្មេះ ចំនួន១១ដប, ភេសជ្ជប៉ូវកម្លាំង ចំនួន២២កំប៉ុង, ស្រាបៀរ ចំនួន៦៦កំប៉ុង, ប្រេងឆា ចំនួន២៤ដប, ទឹកត្រី ចំនួន០៥ដប, តាំងឆាយ ចំនួន០៦កញ្ចប់ ស្មើនឹង១៣គីឡូក្រាម, កាហ្វេ ចំនួន០៥កែវ, ទឹកដោះគោខាប់ ចំនួន០២កំប៉ុង, តៅហ៊ូកែវ ចំនួន០៥កែវ សរុបចំនួន១៦.០៦គីឡូក្រាម និង៦២.៥៧លីត្រ។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ មកដុតកម្ទេចចោលភ្លាមៗ។

មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕