(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលមានអង្គការមូលនិធិបង្ការរបួសអាស៊ី និងអង្គការសម្ព័ន្ធ ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជា សហប្រធានសម្របសម្រួល បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី «ធ្វើការរួមគ្នាដើម្បីសង្គ្រោះជីវិត៖ វិធានការដែលអាចសង្រ្គោះជីវិត បានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពេលទសវត្សរ៍បន្ទាប់»។

សន្និសីទសារព័ត៌មានស្ដីពី «ធ្វើការរួមគ្នាដើម្បីសង្គ្រោះជីវិត៖ វិធានការដែលអាចសង្រ្គោះជីវិត បានកាន់តែច្រើនក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពេលទសវត្សរ៍បន្ទាប់» រៀបចំឡើងក្រោមការចូលរួមពីលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក, លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងជាតំណាង អគ្គស្នងការរងនគរបាលជាតិ, លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី, លោកស្រី កាន់ ណារ៉ា នាយកគ្រប់គ្រងនាយកដ្ឋាន ផ្នែកអតិថិជន និងទីផ្សារ ក្រុមហ៊ុន Manulife Cambodia និងលោក ផៃ សុខហេង តំណាងជាន់ខ្ពស់ក្រុមហ៊ុន Cambodia Airports។

សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង បង្កើតឱកាសសម្រាប់ការជួបប្រជុំគ្នានៃអ្នកកសាង និងអនុវត្តគោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាលនានា ដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងអ្នកតស៊ូមតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងបណ្តាញអង្គការ-វិស័យឯកជនផ្សេងៗ ដើម្បីផ្លាស់ប្តូរចំណេះដឹងព័ត៌មាន និងបទពិសោធន៍នានា។

សន្និសីទនោះបានពិភាក្សាអំពីយុទ្ធសាស្រ្ត និងសកម្មភាពដែលអាចអនុវត្តជាក់ស្តែង ក្នុងការរួមចំណែកពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅសង្គ្រោះជីវិត ដែលកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ផ្លូវគោករបស់អង្គការសហប្រជាជាតិឆ្នាំ២០១១-២០២០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។

សន្និសីទនេះក៏មានបំណងជំរុញឱ្យមានការពិភាក្សាពី ការត្រៀមរៀបចំនានាសម្រាប់សកម្មភាព ការងារសុវត្ថិភាពចរាចរណ៍ក្នុងអំឡុងពេលទសវត្សរ៍បន្ទាប់ (២០២១-២០៣០)។

សូមជម្រាបថា អង្គការមូលនិធិបង្ការរបួសអាស៊ី អង្គការមូលនិធិបង្ការរបួសអាស៊ី ជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។

អង្គការមូលនិធិបង្ការរបួសអាស៊ីបានអនុវត្តកម្មវិធី សុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាព នៅបណ្តាប្រទេសជាច្រើនរួមមាន នៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក៕