(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បង្ហាញហើយតារាងថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ២០២០។ ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ មានត្រឹម ២២ថ្ងៃប៉ុណ្ណោះ កាត់បន្ថយចំនួន ៦ថ្ងៃ។ តែរាជរដ្ឋាភិបាល បានសម្រេចដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ទៅ ៤ថ្ងៃ។

យោងតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០២ ខែសីហា បានបង្ហាញថា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែមួយថ្ងៃ។ ពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកទៀតនោះឡើយ។ ពិធីបុណ្យទាំង៥នោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ។

អនុក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ខាងមុខនេះរួមមាន៖
១៖ ថ្ងៃចូលឆ្នាំសកល ១មករា សម្រាក ១ថ្ងៃ
២៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា សម្រាក ១ថ្ងៃ
៣៖ ទិវានារីអន្តរជាតិ ៨ មីនា សម្រាក ១ថ្ងៃ
៤៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាក ៤ថ្ងៃ (១៣-១៤-១៥-១៦ មេសា)
៥៖ ទិវាពលកម្មអន្តរជាតិ ១ឧសភា សម្រាក ១ថ្ងៃ
៦៖ ពិធីបុណ្យពិសាខបូជា ថ្ងៃ៦ ឧសភា សម្រាក ១ថ្ងៃ
៧៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី១០ ឧសភា សម្រាក ១ថ្ងៃ
៨៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅថ្ងៃទី១៤ ឧសភា សម្រាក ១ថ្ងៃ
៩៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នៅថ្ងៃទី១៨ ខែមិថុនា សម្រាក ១ថ្ងៃ
១០៖ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ (១៦-១៧-១៨ កញ្ញា)
១១៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃ២៤ កញ្ញា សម្រាក ១ថ្ងៃ
១២៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថ្ងៃ១៥ តុលា សម្រាក ១ថ្ងៃ
១៣៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃ២៩ តុលា សម្រាក ១ថ្ងៃ
១៤៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ (៣០-៣១ តុលា និង ០១ វិច្ឆិកា)
១៥៖ ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ។

សូមបញ្ជាក់ថា បណ្តាឆ្នាំកន្លងទៅថ្ងៃឈប់សម្រាកមានរហូតដល់ទៅ ២៨ថ្ងៃ ដែលចំនួនថ្ងៃឈប់សម្រាកមានចំនួនច្រើនជាងបណ្តាប្រទេសដទៃ។ ការឈប់សម្រាកច្រើនថ្ងៃពេកនេះ ក៏បណ្តាលឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មផងដែរ។

ឆ្លើយតបតាមសំណូមពររបស់និយោជក និងដើម្បីធានាដល់ភាពប្រកួតប្រជែង ក៏ដូចជាបំពេញតម្រូវការទីផ្សារផលិតផលនោះ រាជរដ្ឋាភិបាលបានសម្រេចកាត់ចោលថ្ងៃឈប់សម្រាកចំនួន ៦ថ្ងៃ នៅឆ្នាំ២០២០ ហើយក៏អាចនឹងអនុវត្តន៍នៅឆ្នាំបន្តបន្ទាប់ផងដែរ៕