(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្គាប់បញ្ជាឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ចងក្រងឯកសារក្នុងកម្រិតណាមួយ ពាក់ព័ន្ធនឹងទំនាក់ទំនងការបរទេសក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នគរបាលជាតិ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបញ្ហាសន្តិសុខនានានៅលើពិភពលោក ដើម្បីយកមកបណ្ដុះបណ្ដាលបន្ថែមដល់សិក្ខាកាមនគរបាលជាតិរបស់កម្ពុជា។

ការបង្គាប់បញ្ជាយ៉ាងហ្មត់ចត់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនដល់និស្សិតនាយនគរបាលជាង ១ពាន់នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រៅពីមុខជំនាញសិក្សាស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខ នគរបាលព្រំដែន អន្តោប្រវេសន៍ អត្តសញ្ញាណកម្ម គ្រប់គ្រង និងដឹកនាំបញ្ជា គ្រប់គ្រងពន្ធនាគារ ព័ត៌មានវិទ្យា និងភាសាបរទេស ក៏គួរតែពិនិត្យមើលឱ្យបានហ្មត់ចត់បន្ថែមថា «តើមានជំនាញអ្វីផ្សេងទៀត ដែលចាំបាច់ត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សា បណ្ដុះបណ្ដាលបន្ថែមដល់សិក្ខាកាមនគរបាលជាតិ ក្នុងសាលានគរបាលរបស់កម្ពុជានេះ»

មានចំណុចមួយចំនួន ដែលសម្ដេចតេជោចង់ឱ្យមានការបណ្ដុះបណ្ដាលបន្ថែម ក្នុងនោះមានដូចជាបញ្ហាភេរវកម្ម សង្គ្រាមហែកហួរ ជម្លោះសាសនាជាដើម ដោយសម្ដេចបានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខនៅលើពិភពលោក ដែលនៅតែរងការគំរាមកំហែង តួយ៉ាងថ្មីៗនេះ ក៏បានកើតមានការបាញ់ប្រហារនៅរដ្ឋតិចសាស់ រដ្ឋអូហៃយោ នៃសហរដ្ឋអាមេរិក នៅប្រទេសណូវែលហ្សេឡង់ នៅប្រទេសស្រីលង្កាជាដើម ដែលបានបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ។

សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បញ្ហាទាំងអស់នេះសុទ្ធតែជារឿងគួរពិចារណឱ្យបានដិតដល់ថា តើមានចំណុចណាផ្សេងទៀត ដែលអាចដាក់បញ្ចូលក្នុងកម្មវិធីសិក្សាបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលជាតិ។

ចំណុចសំខាន់មួយទៀត ដែលសម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យដាក់បញ្ចូលបន្ថែមក្នុងកម្មវិធីសិក្សាសម្រាប់នគរបាលជាតិ នោះគឺបទពិសោធន៍ដែលបានពីទំនាក់ទំនងរវាងកម្ពុជាជាមួយអន្តរជាតិ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នគរបាលជាតិ និងកងកម្លាំងប្រដាប់អាវុធ ក៏គួរតែយកមកចងក្រងជាឯកសារ សម្រាប់បណ្ដុះបណ្ដាលដល់សិក្ខាកាមនគរបាលជាតិផងដែរ។

ចំណុចសំខាន់ទាំងអស់នេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ណែនាំទៅកាន់នាយឧត្តមសេនីយ៍ សេង ផល្លី ក្នុងនាមជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា គប្បីរៀបចំការចងក្រងឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីនគរបាល ក្រៅពីមុខជំនាញដែលកំពុងសិក្សានាពេលបច្ចុប្បន្ន៕