(ព្រៃវែង)៖ ដោយសារលទ្ធិប្រជាធិបតេយ្យផ្សារភ្ជាប់នីតិរដ្ឋ ត្រូវបានអនុវត្តត្រឹមត្រូវសមស្របតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ទើបសង្គមជាតិយើងបន្តមានសុខសន្តិភាព និងការអភិវឌ្ឍជារៀងដរាប។ នេះជាការវាយតម្លៃសន្និដ្ឋានរបស់លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុក ក្នុងវេទិកាសាធារណៈស្តីពី៖ «សណ្តាប់ធ្នាប់សាធារណៈ និងសេវាសាធារណៈនៅមូលដ្ឋាន» ដែលបានរៀបចំឡើងនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាពេលថ្មីៗនេះ ដោយមានតំណាងប្រជាពលរដ្ឋមកពីគ្រប់ភូមិទាំង១៨ ចូលរួមចំនួនប្រមាណ១៣០០នាក់។

ជាទូទៅបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមវេទិកាសាធារណៈ នៅតាមឃុំនីមួយៗក្នុងស្រុកបាភ្នំទាំងមូលសុទ្ធតែបានគាំទ្រ ចំពោះភាពសមហេតុផល និងជាក់ស្តែងនៃការលើកឡើងខាងលើនេះ ដោយបានចាត់ទុកការឃោសនាអកុសល ផ្ទុយពីការពិតរបស់មជ្ឈដ្ឋានអគតិខ្លះទាំងក្នុង និងក្រៅប្រទេស ដែលនៅតែបន្តអះអាងច្រំដែល មួលបង្កាច់បង្ខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺមិនគ្រាន់តែជាលេសប្រើប្រាស់ ដើម្បីអូសទាញបោកបញ្ឆោតសាធារណមតិ សំដៅបំរើមហិច្ឆតានយោបាយរបស់ពួកគេតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ជាការកំរាមកំហែងដល់សុខសន្តិភាព និងភាពចំរុងចំរើនរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាក្នុងពេលសព្វថ្ងៃនេះផងដែរ។

ក្នុងឱកាសនោះដែរ អង្គវេទិកាសាធារណៈក៏បានលើកឡើងនូវសំណូមពរ និងបញ្ហានានាមួយចំនួន ដែលកើតឡើងនៅមូលដ្ឋានទាក់ទងផ្ទាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាអាទិ៍៖ ទំនាស់ព្រំដីគ្រួសារឯកជននៅភូមិកំពង់ស្លែង ការប្រើប្រាស់ដីសាធារណៈមាត់បឹងស្នេហ៍ គ្រោះថ្នាក់ចរាចរបង្កដោយរថយន្តធំៗឆ្លងកាត់ឃុំ។ល។... បញ្ហានិងសំណូមពរលើកឡើងមួយចំនួន ត្រូវបានជជែក និងដោះស្រាយដោយអ្នកពាក់ព័ន្ធផ្ទាល់ជាមួយក្រុមការងារ និងតំណាងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្ត និងស្រុកដែលបានចូលរួម។ ដោយឡែក បញ្ហានិងសំណូមពរខ្លះទៀត ដែលនៅសេសសល់ត្រូវបានកត់ត្រា ដើម្បីរាយការណ៍សុំដំណោះស្រាយពីថ្នាក់លើតាមនីតិវិធីសមស្រប។

ជារួមវេទិកាសាធារណៈបានបញ្ចប់ដោយលទ្ធផលល្អប្រសើរក្នុងបរិយាកាសភាតរៈ សាមគ្គីភាពនិងយោគយល់គ្នា ហើយប្តេជ្ញារួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងភាពសុខដុមរមនាក្នុងមូលដ្ឋានភូមិឃុំជាបន្តទៅទៀត៕