(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសជួយសាងសង់ អគារបណ្ឌិត្យសភានគរបាលកម្ពុជា១ខ្នងទៀត មានកម្ពស់ចំនួន៥ជាន់ តម្លៃ១លានដុល្លារអាមេរិក ដើម្បីផ្ដល់ការបណ្ដុះបណ្ដាល និងហ្វឹកហាត់ដល់មន្ត្រីនគរបាលកម្ពុជា។

ការប្រកាសបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ។

ថ្លែងក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងត្រូវតែមានកន្លែងហ្វឹកហាត់មួយដ៏ល្អ...ត្រូវពង្រឹងសមត្ថភាព នៃការបណ្ដុះបណ្ដាល នៅក្នុងសាលានេះ ដែលរាប់ទាំងវិជ្ជាដែលមានស្រាប់ និងវិជ្ជាដែលត្រូវចងក្រងមកដាក់បញ្ចូលបន្ថែម»

ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅកាន់មន្ត្រីនគរបាលផងដែរថា សន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយ គឺជាកត្តាដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍមិនអាចធ្វើទៅបានឡើយ បើគ្មានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពទេនោះ។

សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានលើកឡើងថា ក្រសួងមហាផ្ទៃ និងនគរបាល គឺជាប្រតិបត្តិករដ៏សំខាន់ ក្នុងរក្សានូវសន្តិភាព ស្ថេរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។ សម្តេចតេជោ បានថ្លែងថា កិច្ចការធ្វើកំណែទម្រង់ ត្រូវតែបន្តដើរទៅមុខ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ការសាងសង់អគារ៥ជាន់ របស់បណ្ឌិត្យសភានគរបាលជាតិ មិនប្រើប្រាស់ថវិកាជាតិនោះទេ គឺសម្តេចនឹងប្រឹងប្រែងកៀរគរថវិកាពីសប្បុរសជន៕