(ស្ទឹងត្រែង)៖ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការស្រាវជ្រាវ និងរកឃើញរថយន្ដបាកុងជាមធ្យោបាយដឹកឈើ ចំនួន៣គ្រឿងទៀត ដែលត្រូវក្រុមឧក្រិដ្ឋជនយកទៅលាក់ទុក នៅក្នុងព្រៃយ៉ាងជ្រៅ។

ប្រតិបត្តិការកម្ទេចចោលរថយន្ដកែច្នៃដឹកឈើនេះ ត្រូវបានធ្វើឡើងនៅចំណុចនិយាមកា (0659010-1551336) អូរស្មង ក្នុងភូមិសាស្ត្រភូមិចាន់ទុ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ពោលទីតាំងខាងលើនេះ ត្រូវបានមន្ដ្រីអាវុធហត្ថបង្ហើបថា ជាតំបន់ក្ដៅនៃការប្រព្រឹត្តបទល្មើសព្រៃឈើ ហើយកម្លាំងពិបាកក្នុងការធ្វើដំណើរដោយត្រូវជិះទូកឆ្លងកាត់ទឹកដែលហូរខ្លាំង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា បើទោះបីពិបាកក្នុងការធ្វើដំណើរក្ដី ប៉ុន្ដែក្រុមសមត្ថកិច្ចចម្រុះខេត្ដស្ទឹងត្រែង បានសហការគ្នាយ៉ាងស្អិតរមួត រហូតបំពេញប្រតិបត្តិការនេះបានយ៉ាងជោគជ័យ ស្របតាមអនុសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង។

គួរជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសដាក់ជីវិតរបស់ខ្លួន ជាមួយនឹងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេស នាដំណាក់កាលចុងក្រោយនេះឲ្យខាងតែបាន ដើម្បីទុកជូនក្មេងជំនាន់ក្រោយ និងបានដាក់បទបញ្ជាដកគ្រវាត់ចោលលើមន្ដ្រីអាវុធហត្ថទាំងឡាយណា ទោះមានបុណ្យស័ក្ដិខ្ពស់ប៉ុណ្ណា បើសិនរកឃើញនៅជាប់ពាក់ព័ន្ធបទល្មើសជាមួយក្រុមឈ្មួញ។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យសមាជិក និងមន្ដ្រីទាំងអស់នៅក្នុងគណៈកម្មការជាតិរបស់ខ្លួនកត់ឈ្មោះ អ្នកដែលយកឈ្មោះថ្នាក់ដឹកនាំរបស់ជាតិ ទៅបន្លាចសមត្ថកិច្ច ដើម្បីប្រព្រឹត្តបទល្មើសព្រៃឈើ ដើម្បីមានវិធានការតាមផ្លូវច្បាប់ និងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនបុគ្គលទាំងឡាយណា បូករួមទាំងជនបរទេសដែលបានជះលុយឲ្យមកកាប់ឈើនៅលើទឹកដីខ្មែរ ដែលជាប់ពាក់ព័ន្ធបើទោះបីលាក់ខ្លួននៅក្នុងប្រទេស ឬគេចទៅកាន់បរទេសក៏ដោយនោះ៕