(ភ្នំពេញ)៖ ជនជាប់ចោទ នួន ជា ដែលជាអតីតមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំជាច្រើននាក់ទៀត នៃរបបប្រល័យពូជាសាសន៍ ប៉ុល ពត បាន និងកំពុងមានជំងឺធ្ងន់ ដែលស្ថិតក្នុងដំណាក់កាល ចុងក្រោយនៃជីវិត កំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហៅពេទ្យរុស្ស៊ី។

ប្រភពព័ត៌មានពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅរសៀលថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៩នេះ ស្ថានភាពជំងឺ នួន ជា គឺស្ថិតក្នុងតំណាក់កាល ចុងក្រោយនៃជវិតរបស់គាត់ហើយ»

សូមជម្រាបថា យោងតាមសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា នួន ជា មានឈ្មោះកំណើត ឡុង ប៊ុនរួត ហើយមានឈ្មោះក្លែងក្លាយថា «បងទី២» កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង។

លោកបានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ។

នៅឆ្នាំ១៩៦០ គាត់ត្រូវបានតែងតាំងជាអនុលេខាបក្សនៃបក្ស កុម្មុយ​នីស្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ហើយគាត់ស្ថិតនៅក្នុងតំណែងទាំងពីរនេះពេញមួយ របបកម្ពុជាប្រជាធិបតេយ្យ។

លោក នួន ជា រស់នៅជាមួយខ្មែរក្រហមរហូតដល់មានកិច្ចព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលកម្ពុជានៅ​ខែធ្នូ ឆ្នាំ១៩៩៨ ដែលអនុញ្ញាតឲ្យគាត់មករស់នៅក្បែរព្រំដែនថៃ។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧៕