(សៀបរាបអង្គរ)៖ បុរសជនជាតិរ៉ូម៉ានី បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ចំពោះការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសលោកចូលរួម ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៦ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ នៅមុខប្រាទអង្គរវត្ត ខេត្តសៀមរាប។

លោកបានសម្ដែងការសប្បាយរីករាយ ក្រោយបានចូលរួមព្រឹត្តិការណ៍កីឡា និងទេសចរណ៍ខាងលើ។ តែអ្វីដែលលោកមិននឹកស្មាន លោកបានភ្ញាក់ផ្អើល ចំពោះការអភិវឌ្ឍដ៏សម្បើមរបស់កម្ពុជា ពិសេសលោកបានសរសើរ ចំពោះការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងឆ្នាំនេះ ដែលបានប្រព្រឹត្តទៅយ៉ាងល្អ បើធៀបនឹងព្រឹត្តិការណ៍ អន្តរជាតិធំៗដែលលោទើបចូលរួមកាលពីពេលថ្មីៗ។ លោកពិតជាមោនទភាព ចំពោះការចូលរួមរត់ម៉ារ៉ាតុងនៅទីនេះ ហើយលោកសន្យានឹងចូលរួមបន្ដទៀតនាពេលក្រោយ។

ជនជាតិរ៉ូម៉ានីរូបនេះបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំឈ្មោះគ្រីស្ទ ជាជនជាតិរ៉ូមានី។ ខ្ញុំពិតជារីករាយដែលបានមករត់ម៉ារ៉ាតុង នៅខេត្តសៀមរាប។ នេះជាលើកទី១ របស់ខ្ញុំ នៅក្នុងខេត្តសៀមរាប រាប់ចាប់តាំងពីឆ្នាំ២០០៣ ដូច្នេះខ្ញុំពិតជារំភើបណាស់។ ខ្ញុំគិតថា ប្រទេសកម្ពុជា និងអ្នករៀបចំព្រឹត្តិការណ៍ធ្វើបានល្អ ក្នុងការរៀបចំការរត់ម៉ារ៉ាតុងផ្សងព្រេងទាំងនេះ។ ខ្ញុំសង្ឃឹមថាអាចមានម៉ារ៉ាតុងទៀតនៅបាត់ដំបង និង ភ្នំពេញ ហើយខ្ញុំពិតជារំភើបណាស់ក្នុងការរត់ឆ្លងកាត់ប្រាសាទ ហើយប្រហែលជានៅពេលអនាគត យើងថែមទាំងអាចរត់ឆ្លងកាត់កណ្តាលក្រុងសៀមរាប និងតាមដងទន្លេសាប ព្រោះប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយខ្ញុំគិតថាវាសំខាន់ណាស់ក្នុងការមកប្រទេសកម្ពុជា និងជួបប្រជាជនក្នុងតំបន់ដូចជាអស់លោកអ្នក។ អ្នកទាំងអស់គ្នានិយាយភាសាអង់គ្លេសបានល្អ។ ឥឡូវអ្នកមានទូរស័ព្ទដៃទំនើបៗ រថយន្តល្អណាស់ ដូច្នេះខ្ញុំគិតថាវាចាំបាច់ក្នុងការមើលឃើញការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា ដូចជាអាគារថ្មីទាំងអស់ ក៏ដូចជាផ្លូវថ្នល់ទាំងនេះ។ ខ្ញុំគិតថាវាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់មោទនភាពដល់ប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់ និងអភិរក្សវប្បធម៌ និងបេតិកភណ្ឌរបស់ពួកគេ»

គួរបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ ឆ្នាំ២០១៩ បានទទួលការគាំទ្រ និងចូលរួមពីកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុប ៣,៥០០នាក់ ក្នុងនោះមានជនបរទេស១,៥៨៤នាក់ មកពី ៥០ប្រទេសកើន ១៥% បើធៀបនឹងឆ្នាំមុន ខណៈជនជាតិចិន ឈរលំដាប់ទី១, វៀតណាម ឈរលំដាប់ទី២ និងជប៉ុន ឈរលំដាប់ទី៣ ។ ឯជនជាតិកម្ពុជាមានចំនួន ១,៩១៦នាក់ មានកំណើន ១០%។

ចំពោះពិធីបើកនៃព្រឹត្តិការណ៍អន្ដរជាតិរត់ចម្ងាយឆ្ងាយ៤២គីឡូម៉ែត្រនេះ ដែលពីធីអុជភ្លើង គុប និងបាញ់កាំភ្លើង ចេញដំណើរ បានចាប់ផ្តើមនៅម៉ោង៤៖៣០នាទីព្រឹក បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC), លោក ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិ អប្សរា លោក ពៅ ពិសិទ្ធ អភិបាលរង ខេត្តសៀមរាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ហើយក៏មានការចូលរួមពីក្រុមហ៊ុនឧបត្ថម្ភនានាផងដែរ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុង៤២គមនេះក៏មានការចូលរួមរត់ពាក់កណ្តាល ម៉ារ៉ាតុង ២១គម ១០គ.ម និងការត់សប្បាយៗជាគ្រួសារ៣គមផងដែរ។ ដោយឡែកព្រិត្តការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អង្គរអន្តរជាតិ (Angkor International half Marathon) លើកទី២៤ ឆ្នាំ២០១៩ នឹងប្រព្រិត្តទៅ នៅថ្ងៃអាទិត្យ ទី៨ ធ្នូ ២០១៩ នៅសៀមរាបអង្គរ៕