(កំពង់ធំ)៖ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ទៅប្រគល់ផ្ទះថ្មីអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនលោកស្រី ភួង ណាវី អតីតយុទ្ធជន នៅអង្គភាពយោធាខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្រោយពេលបញ្ចប់ភារកិច្ចក្នុងជួរកងទ័ព ដោយគ្មានជម្រកស្នាក់នៅលោកស្រី ភួង ណាវី សុំកន្លែងស្នាក់នៅបន្តនៅក្នុងអង្គភាពបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រយៈពេលជាង២ទសវត្សមកហើយ។ ក្នុងរយៈពេលនេះ គាត់បានសន្សំប្រាក់ទិញបានដីមួយកន្លែង ហើយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់ផ្ទះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនគាត់ស្នាក់នៅជាមួយក្រុមគ្រួសារ ដែលមានសមាជិក៤នាក់។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ផ្ទះថ្មីដែលបានសាងសង់រួចនេះ មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ សាងសង់ពីឈើខ្ពស់ផុតពីដី រនាប និងជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ជណ្ដើរកាច់ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ ៧,២៥០,០០០រៀល។ ក្នុងពិធីប្រគល់ផ្ទះថ្មី ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភជូនគាត់បន្ថែមនូវ អង្ករចំនួន៥០ គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ទឹកត្រីទឹកស៉ីអ៉ីចំនូន២យួរ និងថវិកាចំនួន ១០០,០០០រៀល។

អាជា្ញធរដែនដី ប្រជាពលរដ្ឋ និងលោកស្រី ភួង ណាវី រំភើបចិត្តរីករាយ និងថ្លែងអំណរគុណជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរ ដោះស្រាយរាល់ការលំបាក ខ្វះខាតជូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង៕