(ភ្នំពេញ)៖ ដោយមើលឃើញពីគុណប្រយោជន៍នៃការសិក្សាជំនាញ «គ្រប់គ្រងធនធានមនុស្ស» និង «បដិសណ្ឋារកិច្ច» ដែលកំពុងមានភាពចាំបាច់ក្នុងសង្គម នាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ គឺលោកបណ្ឌិត ឡី សុភាព ដែលជានាយកប្រតិបត្តិនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជាផងនោះ បាននិងកំពុងស្នើទៅកាន់ថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលសុំដាក់បញ្ចូលជំនាញសំខាន់ៗទាំង២ខាងលើនេះ ទៅគ្រប់កម្មវិធីសិក្សានានា។

លោក ឡី សុភាព ប្រកាសយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រគ្រប់គ្រង់ធនធានមនុស្សលើកទី៣ ដល់សិក្ខាកាមប្រមាណជាង ៣៥៥នាក់ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ដែលរៀបចំដោយវិទ្យាស្ថានអាជីវកម្មអន្តរជាតិ (ចំណុះក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «រឿងសំខាន់បំផុតសម្រាប់ស្ថាប័នពាក់ព័ន្ធទាំងអស់ គឺការគ្រប់គ្រង់ធនធានមនុស្ស រាប់ចេញពីខ្លួនយើង ក្រុមគ្រួសារ កូន ប្តីប្រពន្ធ សហគមន៍ និងប្រទេសជាតិយើងផងដែរ ពោលដើម្បីជោគជ័យទៅបាន គឺពឹងផ្អែកលើការគ្រប់គ្រងធនធានមនុស្ស ដែលជារឿងមួយដ៏សំខាន់»។

លោកបានបន្ថែមថា លោកបាននិងកំពុងស្នើដល់ថ្នាក់ដឹកនាំ ដើម្បីសុំដាក់បញ្ចូលវគ្គសិក្សាមួយចំនួន ពិសេសការគ្រប់គ្រងធនធានមនុស្ស និងបដិសណ្ឋាកិច្ច ទៅក្នុងកម្មវិធីសិក្សាទាំងអស់។ ទាំងអស់នេះជារឿងចាំបាច់ ព្រោះក្នុងការរស់នៅនៅក្នុងសង្គមជាតិ នៅក្នុងគ្រួសារ ពេលណាដែលយល់អំពីការគ្រប់គ្រងធនធានមនុស្សហើយ ពេលនោះជីវិតគ្រួសារ ឬក្នុងស្ថាប័ន-អង្គភាពនានា នឹងមានន័យណាស់។

លោក ឡី សុភាព ក៏បានប្រកាសនូវជំហរគាំទ្រលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស គាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ការសិក្សាពេញមួយជីវិត និងរបត់នយោបាយនៃការបណ្តុះបណ្តាលទៅមុខ (TVET អាចធ្វើបាន) និងបានគាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ។

លោកបានលើកទឹកចិត្តដល់យុវជនកម្ពុជា ឲ្យបន្តការសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជារឿងសំខាន់។ ជាមួយគ្នានោះ លោកក៏ចង់ឲ្យមានស្ដង់ដា «យុវជនម្នាក់ជំនាញមួយ» «អាជីវកម្មមួយ ស្តង់ដាមួយ» «បុគ្គលិកម្នាក់ ជំនាញមួយ» និង «សេវាកម្មមួយ ស្តង់ដាមួយ» ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

លោកបណ្ឌិត ឡី សុភាព និងសមាជិកស្ថាប័នរបស់លោក ក៏ជាក្រុមនីតិបុគ្គលដ៏សំខាន់មួយ ដែលតែងតែចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយលោកបណ្ឌិតក៏តែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍក្នុងវិស័យមួយចំនួនផងដែរ ដូចជាវិស័យ TVET ខាងលើនេះ ទេសចរណ៍ អប់រំចំណេះដឹងទូទៅ បច្ចេកវិទ្យា វិនិយោគ សេដ្ឋកិច្ច សុខាភិបាល សហគ្រិនភាព ការបណ្ដុះបណ្ដាលយុវជនឱ្យចេះធ្វើអាជីវកម្ម រួមទាំងការងារសប្បុរសធម៌ជាដើម។

គួរបញ្ជាក់ថា លោក ឡី សុភាព ក៏បានប្រកាសផ្តល់នូវអាហារូបករណ៍ដល់សិស្សក្រីក្រប្រមាណ ៥ពាន់កន្លែង សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕