(សៀមរាប)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ (Khmer Empire Marathon) លើកទី៦ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប បានចាប់ផ្ដើមហើយ ដោយមានការចូលរួមបាញ់កាំភ្លើងបញ្ជាចេញដំណើរពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ក្នុងឱកាសនោះ លោក ថោង ខុន បានបង្ហាញនូវសុទិដ្ឋនិយមខ្ពស់ ចំពោះអ្នកចូលរួមរត់ឆ្នាំនេះ ព្រោះមានកំណើនគួរឲ្យកត់សម្គាល់។

លោកបណ្ឌិត ថោង ខុន បានថ្លែងថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ ឆ្នាំ២០១៩ បានទទួលការគាំទ្រ និងចូលរួមពីកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុប៣,៥០០នាក់ ក្នុងនោះមានជនបរទេស១,៥៨៤នាក់មកពី៥០ប្រទេសកើន១៥% បើធៀបនឹងឆ្នាំមុន ខណៈជនជាតិចិនឈរលំដាប់ទី១, វៀតណាមឈរលំដាប់ទី២ និងជប៉ុនឈរលំដាប់ទី៣។ ឯជនជាតិកម្ពុជាមានចំនួន១,៩១៦នាក់ មានកំណើន១០%។

លោករដ្ឋមន្ដ្រីបន្ដថា តាមរយៈកំណើនរបស់កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិនេះ សបញ្ជាក់ឲ្យឃើញពីប្រទេសកម្ពុជា ដែលមានសុខសន្ដិភាពពេញលេញ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរមកពីគ្រប់តំបន់ មកចូលរួមរត់កម្សាន្ដក្នុងព្រឹត្តិការណ៍អន្ដរជាតិមួយនេះ ហើយបានទាក់ទាញភ្ញៀវទេសចរមកប្រទេសកម្ពុជា ក្នុងរដូវភ្លៀងធ្លាក់ ដែលជាយុទ្ធសាស្ដ្រមួយរបស់ក្រសួងទេសចរណ៍ និងរួមចំណែកដល់សេដ្ឋកិច្ចជាតិទៀតផង។

លើសពីនេះ មុនបាញ់កាំភ្លើងបញ្ជាចេញដំណើរ ប្រធាន NOCC ដដែលបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានកីឡាករ-កីឡាការិនីទាំងអស់ ដែលបានមកចូលរួមរត់ប្រណាំងលើទឹកដីសៀមរាប-អង្គរ ហើយលោកបានស្នើសុំកីឡាករ-កីឡាការិនី ចូលរួមសហការ និងយោគយល់គ្នា ពិសេសត្រូវប្រតិបត្តិតាមបទបញ្ជា ដើម្បីរក្សាសុវត្ថិភាព និងជួយរក្សារមណីយដ្ឋានទេសចរណ៍ស្អាត និងបៃតងជានិច្ច ក្នុងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកនេះ។

ដោយឡែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា គោលបំណងព្រឹត្តិការណ៍នេះ ផ្ដោតសំខាន់លើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវធ្លាក់ភ្លៀង ហើយក៏ផ្សារភ្ជាប់នូវសកម្មភាពមនុស្សធម៌ ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារ កិច្ចការសង្គម មនុស្សធម៌នានា ជាពិសេសបន្ថែមនូវប្រធានបទថ្មីមួយ គឺ «យើងនាំគ្នារត់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា» ស្របតាមការចង្អុលបង្ហាញរបស់លោកបណ្ឌិត ថោង ខុន តែម្ដង៕