(ភ្នំពេញ)៖ ដើម្បីរួមចំណែកក្នុងការផ្តល់នូវអាហារូបត្ថម្ភឱ្យបានសព្វគ្រប់ និងមានសុវត្ថិភាពដល់ទារក និងកុមារតូចៗ តាមរយៈការគាំពារ និងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំក្រុមការងារប្រតិបត្តិ សម្រាប់ការអនុវត្តអនុក្រឹត្យលេខ១៣៣អនក្រ.បក ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ។

កម្មវិធីនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកស្រីសាស្រ្តាចារ្យ អ៉ំ សាម៉ុល អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិ សម្រាប់ការអនុវត្តអនុក្រឹត្យលេខ ១៣៣ អនក្រ.បក កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

លោកស្រីអនុរដ្ឋលេខាធិការ បានថ្លែងថា កិច្ចការងារដែលយើងកំពុងធ្វើនេះ គឺដើម្បីជំរុញលើកទឹកចិត្តឱ្យមានការផ្តល់អាហារបន្ថែមឱ្យបានត្រឹមត្រូវ និងស្រប តាមអាយុកាលកំណត់របស់ទារក និងកុមារ ដើម្បីធានាឱ្យមានការប្រើប្រាស់សមស្របនូវផលិតផល ជំនួសទឹកដោះម្តាយតែនៅពេលណាដែលចាំបាច់ និងដោយមានមូលកដ្ឋានព័ត៌មានគ្រប់គ្រាន់។

ជាងនេះទៅទៀត អាណាព្យាបាលត្រូវស្វែងយល់ឱ្យច្បាស់ តាំងពីទារកកើតភ្លាមរហូតដល់អាយុ៦ខែ គឺត្រូវបំបៅទឹកដោះម្ដាយតែមួយមុខគត់ ដែលមានសារធាតុគ្រប់គ្រាន់ក្នុងការ ចិញ្ចឹមសរីរាង្គកាយ និងការលូតលាស់របស់កូនបានរឹងមាំល្អ ដោយមានប្រព័ន្ធការពារ ឬអង់ទីគ័ប្រឆាំងនឹងជំងឺផ្សេងៗជាពិសេស មិនងាយកើត និងឆ្លងជំងឺអ្វី ពីអ្នកដែលនៅជុំវិញខ្លួននោះឡើយ។

លោកស្រីបន្ដថា ចាប់ពី៦ខែ អាណាព្យាបាល ត្រូវផ្ដល់អាហារបន្ថែមមានបបរ ទឹកដោះគោ បន្លែ សាច់ ផ្លែឈើ ជាពិសេសបបរគ្រប់គ្រឿង។ ព្រោះកាលណាកូនកាន់តែលូតលាស់ធំៗទៅ គឺត្រូវការបរិមាណនៃសារធាតុចិញ្ចឹមបន្ថែមទៀត ទឹកម្ដាយតែមួយមុខមិនគ្រប់គ្រាន់នោះទេ។ ប៉ុន្ដែហាមដាច់ខាត អំឡុងពីកូន មានអាយុសូន្យខែដល់៦ខែ មិនត្រូវផ្ដល់អាហារទាំងនេះឱ្យនោះទេ គឺត្រូវការចាំបាច់តែទឹកម្ដាយមួយមុខគត់ ។

សូមជម្រាបផងដែរ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួងព័ត៌មាន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ចកម្ម និងតំណាងនាយកដ្ឋានឱសថ ចំណីអាហារប រិក្ខារពេទ្យនិងគ្រឿងសំអាង តំណាងកម្មវិធីជាតិអាហារូបត្ថម្ភ តំណាងនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោក អង្គការហេឡែន ខេលល័រ អន្តរជាតិ និងអង្គការយូនីសែវ៕