(បាងកក)៖ បុរសពីរនាក់ដែលត្រូវបានចាប់ខ្លួន ក្រោយមានករណីបង្កៃគ្រាប់បែកក្លែងក្លាយកាលពីថ្ងៃព្រហស្បតិ៍ និងករណីផ្ទុះគ្រាប់បែកនាថ្ងៃសុក្រនេះ នៅទីក្រុងបាងកក មានប្រភពពីតំបន់ភាគខាងត្បូងប្រទេសថៃ ដែលជាសំបុកពួកឧទ្ទាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។

បើតាមអាជ្ញាធរថៃ ជនសង្ស័យទាំងពីរនាក់នោះ មកពីតំបន់ភាគខាងត្បូង ជាប់នឹងប្រទេសម៉ាឡេស៊ី ដែលជាកន្លែងមានការវាយប្រហារជាញឹកញាប់ពីក្រុមសកម្មប្រយុទ្ធ ប៉ុន្តែមិនទាន់ច្បាស់ទេថា ពួកគេមានទំនាក់ទំនងជាមួយពួកឧទ្ទាមដែរឬក៏អត់ឡើយ។ បញ្ហាអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយអស់រយៈពេលប្រមាណ ១៥ឆ្នាំមកហើយ និងបានផ្តាច់ជីវិតមនុស្សសរុប ៧,០០០នាក់។ រាជរដ្ឋាភិបាលថៃកន្លងមកនេះ ក៏ធ្លាប់បានព្យាយាមចរចាជាមួយពួកឧទ្ទាមភាគខាងត្បូងនោះផងដែរ ប៉ុន្តែមិនបានជោគជ័យ។ សម្រាប់ខេត្តបីរបស់ថៃនៅភាគខាងត្បូង ដែលមានករណីវាយប្រហារច្រើនជាងគេនោះមានដូចជា ផាត់តានី យ៉ាឡា និងណារ៉ាត់ធីវ៉ាត់៕

គួរជម្រាបថា នាព្រឹកថ្ងៃសុក្រនេះ ហេតុការណ៍ផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ បានកើតឡើងនៅទីតាំងយ៉ាងហោចណាស់៣កន្លែង នៅក្នុងទីក្រុងបាងកក ក្នុងនោះរួមមាន នៅសួនច្បារខាងមុខ អគារមជ្ឈមណ្ឌលរដ្ឋាភិបាលថៃ ឈាងវឌ្ឍនា (Chaeng Watthana Government Complex) ក្នុងសង្កាត់ឡាក់ស៊ី (Lak Si), នៅបរិវេណស្ថានីយរថភ្លើងផ្លូវអាកាស ឆុងណនស៊ី BTS (Chong Nonsee BTS) ក្បែរអគារខ្ពស់មហានគរ (King Power Mahanakhon) ក្នុងសង្កាត់ បាងរ៉ាក់ (Bang Rak) និងនៅផ្លូវតូចមួយកន្លែងលេខ ៥៧/១ ជាប់ដងផ្លូវរាមាទី៩ (Rama 9) ក្នុងសង្កាត់ សួនលួង (Suan Luang)។ ជាលទ្ធផល មនុស្ស៤នាក់បានទទួលរងរបួស ប៉ុន្តែមិនមានអ្នកបាត់បង់ជីវិតឡើយ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍វិញ មានករណីបង្កៃគ្រាប់បែកក្លែងក្លាយ នៅមុខស្នងការប៉ូលិសជាតិថៃ ក្នុងទីក្រុងបាងកក ខណៈប៉ូលិសថៃជឿជាក់ថា ប្រហែលមានទំនាក់ទំនងគ្នាជាមួយករណីខាងលើ។ សកម្មភាពទាំងអស់នេះ ទំនងជាមានគោលដៅបង្កភាពអាម៉ាស់ដល់រដ្ឋាភិបាលថៃ ខណៈទីក្រុងបាងកកកំពុងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងមកពីបណ្តាប្រទេសជាមហាអំណាចធំៗដូចជា អាមេរិក ចិន និងរុស្ស៊ី ដោយហាក់គ្មានគោលបំណង ដើម្បីបង្កឲ្យមានមនុស្សស្លាប់នោះទេ៕