(សៀមរាប)៖ ក្រុមការងារអប់រំបេតិកភណ្ឌ សហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការគាំពារកេរមរតក នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំកុមារចេញក្រៅសាលា ដើម្បីបង្រៀនបន្ថែមអំពីការផាត់ពណ៌ និងអានសៀវភៅទាក់ទងការអប់រំផ្នែកវប្បធម៌ និងបេតិកភណ្ឌ។

ការបង្រៀនបន្ថែមនេះ គឺដើម្បីបញ្រ្ជាបចំណេះដឹងក្រៅពីសិក្សាក្នុងថ្នាក់ ឬសិក្សាតាមរមណីយដ្ឋាន និងយល់អំពីស្ថានភាពជាក់ស្ដែងកំពុងប្រឈមប៉ុណ្ណោះទេ កុមារទាំងនោះថែមទាំងបានបានផ្ដល់ចំណេះដឹងនេះដល់កុមារដទៃ និងសហគមន៍ខ្លួន។

ថ្វីដ្បិតនាពេលអនាគតកុមារនឹងក្លាយជាអ្នកស្នងតំណ និងជាអ្នកថែរក្សាការពារសម្បត្តិវប្បធ៌មទាំងនេះ នៅក្នុងសហគមន៍របស់ខ្លួននាពេលអនាគត។

កម្មវិធីនេះអនុវត្តបន្ទាប់ពីផ្ដល់ចំណេះដឹងជាមូលដ្ឋានពីបេតិកភណ្ឌ ដែលសិក្សាទាំងទ្រឹស្តីក្នុងថ្នាក់ និងចុះសិក្សាតាមរមណីយដ្ឋាននានាដោយផ្ទាល់ចំពោះកុមារថ្នាក់ទី៥ និងទី៦ចំនួន ១៦៥នាក់ មកពីសាលាបឋមសិក្សាស្រះស្រង់ និងសាលាបឋមសិក្សាលលៃ អស់រយៈកាលជាង៧ខែកន្លងមក។

ការរៀនផាត់ពណ៌ក្នុងគោលបំណង ដើម្បីបង្កើតជាល្បែងសម្រាប់កុមារបឋមសិក្សា ផ្ដល់ឱ្យកុមារនូវចំណេះដឹង និងទេព្យកោសល្យចំពោះការផាត់ពណ៌ អប់រំកុមារឱ្យស្គាល់សម្បត្តិវប្បធម៌កាន់តែច្បាស់តាមរូបភាពនីមួយៗ បង្កើនស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការពារបេតិកភណ្ឌបន្ថែមទៀត។

មួយផ្នែកទៀតការអានសៀវភៅ គឺក្នុងគោលបំណងផ្សព្វផ្សាយ អប់រំទាក់ទងពីអត្ថប្រយោជន៍នៃការរួមគ្នាថែរក្សាការពារ និងរួមគ្នាជួយទប់ស្កាត់ការបំផ្លិចបំផ្លាញ ការជីកកកាយ និងការជួញដូរវត្ថុបុរាណ ជួយបំផុសស្មារតីដល់មហាជនទូទៅ សិស្សានុសិស្ស ព្រមទាំងប្រជាជនកំពុងរស់នៅក្បែរបណ្ដាស្ថានីយបុរាណដែលមិនទាន់យល់ដឹងពីតម្លៃសម្បត្តិវប្បធម៌ជាតិខ្មែរនៅឡើយ ដែលអាចបណ្ដាលឱ្យស្ថានីយបុរាណជាច្រើនត្រូវប្រឈមមុខនឹងការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ចាក់ដែរថា ទាំងខ្លឹមសារ រូបភាព និងពាក្យពេចន៍ជំរុញឱ្យមនុស្សគ្រប់រូបយល់កាន់តែច្បាស់នូវសារៈសំខាន់នៃការថែរក្សាការពារ មរតកដូនតា ថែមទាំងជំរុញឱ្យសហគមន៍មនុស្សទាំងនេះ អាចធ្វើជាភ្នែក ជាត្រចៀក ជាច្រមុះ ជួយឃ្លាំមើល ជួយការពារ ជួយអភិរក្សនិងជួយលើក កម្ពស់ដល់កិច្ចអភិរក្សនូវសម្បត្តិវប្បធម៌ទាំងនេះ ឱ្យបានគង់វង្សសម្រាប់ជាគុណប្រយោជន៍ជាតិ នាពេលខាងមុខ៕