(ភ្នំពេញ)៖ ដោយសារមើលឃើញពីសកម្មភាព ការជេរប្រមាថគ្នាលើបណ្តាញសង្គម Facebook កាន់តែខ្លាំងឡើងនោះ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា បើបុគ្គលណាម្នាក់ជេរប្រមាថ ធ្វើឱ្យប៉ះពាល់អ្នកដទៃនោះ បុគ្គលនោះត្រូវតែប្រឈមមុខចំពោះមុខច្បាប់។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ស្របពេលដែលមហាជនជាច្រើន បានស្នើឱ្យអាជ្ញាធរចាត់ការ ក្រុមចូលចិត្តជេរប្រទិចគ្នាយ៉ាងអសុរសតាម Facebook ដែលជាគម្រូអាក្រក់ក្នុងសង្គម។

តាមរយៈបណ្តាញព័ត៌មាន Fresh News, លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើការជេរប្រមាថរបស់បុគ្គលនោះ ប៉ះពាល់ដល់អ្នកដទៃ បុគ្គលនោះប្រាកដជាប្រឈម ចំពោះមុខច្បាប់ជាក់ជាមិនខាន»។ លោកបន្តថា ការជេរប្រមាថនេះ បានធ្វើឱ្យប៉ះពាល់ដល់ក្មេងជំនាន់ក្រោយ ហើយសមត្ថកិច្ច គួរមានវិធានការដើម្បីបញ្ឈប់ក្រុម ដែលចូលចិត្តការបង្កើតភាពអសីលធម៌បែបនេះ នៅក្នុងសង្គមកម្ពុជាយើង ដែលជាប្រទេសមានវប្បធម៌ដ៏ល្អមួយ។

តាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងព័ត៌មាន បានបញ្ជាក់បន្តថា «ការជេរប្រមាថវាពុំមែនជាទង្វើល្អ របស់មនុស្សឡើយ ហើយក៏បង្ហាញអំពីចរិតពូជអម្បូរ របស់ត្រកូលគ្រួសារជននោះថែមទៀតផង។ ប្រពៃណីខ្មែរបើចំពោះស្ត្រីវិញ កុំថាឡើងដល់ជេរប្រមាថនោះ សូម្បីតែសើច ឬនិយាយលឺៗក៏មិនល្អផង»

សូមបញ្ជាក់ថា ថ្មីៗនេះមហាជននិយមតាមដានបណ្តាញសង្គម Facebook បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះក្រុមក្មេងៗមួយចំនួន ដែលធ្វើការ Live និយាយលេងសើចសប្បាយ ប្រើប្រាស់ពាក្យសម្តីអសុរស ធ្វើឱ្យអ្នកទស្សនាស្ទើតែ ៩៩% មិនអាចទទួលយកបាន ហើយគ្រប់គ្នាបង្ហាញនូវការខកចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាព របស់យុវជនមួយក្តាប់តូចនេះ។ ដោយសារតែសកម្មភាពអវិជ្ជមានបែបនេះ បានរីកសុះសាយពេញបណ្តាញសង្គម និងជាគំរូមិនល្អ ដែលបំផ្លាញសណ្តាប់ធ្នាប់សង្គម ទើបមហាជន នាំគ្នាសំណូមឱ្យអាជ្ញាធរ ចាត់ការក្រុមទាំងនេះជាបន្ទាន់ ដើម្បីកុំឱ្យក្មេងជំនាន់ក្រោយ យកគំរូអាក្រក់នេះតាម។

បើតាមការកត់សម្គាល់ មួយរយៈចុងក្រោយមកនេះ មហាជនសង្កេតឃើញថា មានក្មេងៗតូចច្រើនណាស់ មិនបានខិតខំប្រឹងប្រែងរៀនសូត្រ ឬដើរផ្លូវល្អត្រឹមត្រូវនោះទេ ផ្ទុយទៅវិញបែរជានាំគ្នាធ្វើការ Live តាមរយៈ Facebook សម្តែងជាការជេរប្រទិច ហែកហួរគ្នា ដោយពាក្យអសុរសបែបណាក៏ចេញមកដែរ តាមតែការនឹកឃើញរបស់ពួកគេ ខណៈសកម្មភាពនេះ ចេះតែជាគំរូធ្វើតាមតៗគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការកើនឡើងកាន់តែច្រើន និងគ្មាននរណាម្នាក់ចាត់វិធានការ ចំពោះពួកគេឡើយ។ មហាជនបានលើកឡើងថា ទោះបីនេះជាការសម្តែងក៏ពិតមែន តែពិតជាមិនគប្បីប្រើប្រាស់ការជេរ ហែកហួរគ្នា លើបណ្តាញសង្គម ឱ្យមនុស្សរាប់ពាន់នាក់មើល ដើម្បីទាក់ទាញការចាប់អារម្មណ៍ឡើយ។

សកម្មភាពរបស់ពួកគេ ដែលកំពុងតែធ្វើតាមអំពើចិត្ត គ្មាននរណាណែនាំបែបនេះ នឹងជាគម្រូអាក្រក់បំផុតដល់ក្មេងៗដទៃ ប្រសើនបើគ្មានភាគីពាក់ព័ន្ធ ដូចជាអាជ្ញាធរចាត់ការក្រុមនេះ ឬយកទៅណែនាំទេនោះ។ ដូច្នេះមហាជនបានសំណូមពរឲ្យឱ្យអាជ្ញាធរ ឬភាគគីពាក់ព័ន្ធចាត់វិធានការជាបន្ទាន់ ចំពោះក្រុមដែលចូលចិត្តប្រើពាក្យអសុរស បំផ្លាញសណ្តាប់ធ្នាប់សង្គម ដែលកំពុងតែមានសេរីភាពខ្លាំងក្លា ធ្វើតាមទំនើងចិត្ត ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនេះ៕