(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន៣១០,៧៧៧ ដុល្លារអាមេរិក ដល់អង្គការ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ក្រោមគ្រោងជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន លើគម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្ន ក្នុងខេត្តកណ្តាល។

ពិធីចុះហត្ថលេខាលើជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីសំណាក់លោក ហូរីណូ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី MUKAI Satomi នាយិកាស្តីទីប្រចាំប្រទេសនៃអង្គការ AAR Jupan សម្រាប់គម្រោង «លើកកម្ពស់ការអប់រំបរិយាប័ន្ន សម្រាប់កុមារពិការ តាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន»

នៅក្នុងគម្រោងនេះ AAA Japan នឹងបង្កើតនូវប្រព័ន្ធវាយតម្លៃលើការអនុវត្តការអប់រំបរិយាប័ន្ន និងអនុវត្តសកម្មភាព ដើម្បីគាំទ្រដល់ការបង្កើន សមត្ថភាពរបស់គណៈម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ។ តាមរយៈគម្រោងនេះ បរិយាកាសសិក្សា និងគុណភាពនៃការអប់រំសម្រាប់កុមារ ដែលមានពិការភាពនឹងត្រូវបានកែលម្អ។

កម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រ ដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៣៦លានដុល្លារ ដល់គម្រោងចំនួន១១៨ ដែលផ្តោតសំខាន់ ទៅលើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕