(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ជាថ្ងៃដំបូងនៃការដាក់ឱ្យប្រើប្រាស់នូវបន្ទប់វះកាត់ នៃអគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផាទី១ថ្មី ក្រុមគ្រូពេទ្យបានវះកាត់ដោយជោគជ័យ លើកុមារីអាយុ១១ឆ្នាំ ដំបូងគេ ដែលមានជំងឺបេះដូងជំហពីកំណើត ហើយរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា។

ក្នុងដំណើរការវះកាត់ដ៏ជោគជ័យនេះ ក្រុមគ្រួសារ សាច់ញាតិ ព្រមទាំង ក្រុមវេជ្ជបណ្ឌិតទាំងអស់ សូមអរព្រះគុណយ៉ាងធំធេង ថ្វាយចំពោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមជម្រាបថា បន្ទប់វះកាត់ នៃអគារគន្ធបុប្ផាសីហមុនី-មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផានេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជអធិបតីភាព ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ។

នៅក្នុងឱកាសនោះដែរ ព្រះមហាក្សត្រមានព្រះបន្ទូលថា នៅក្នុងឆ្នាំ២០១៨ សម្តេចម៉ែ និងព្រះអង្គ បានប្រោសព្រះរាជូនបត្ថម្ភ ព្រះរាជទ្រព្យ ១លានដុល្លារអាមេរិក សម្រាប់ចូលរួមកសាង អគារវះកាត់ ដែលរៀបចំសម្ពោធនៅថ្ងៃនេះ។ ក្នុងឱកាសនេះដែរ សម្តេចម៉ែ និងព្រះអង្គ ក៏បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យបន្ថែមទៀត ចំនួន២សែនដុល្លារអាមេរិកផងដែរ ចំពោះមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

បន្ទប់វះកាត់បេះដូងលើកដំបូងនៅរាជធានីភ្នំពេញ នៃអគារគន្ធបុប្ផា-សីហមុនី មុនិនាថ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ តទៅ ដែលក្នុងមួយឆ្នាំៗអាចបង្កើនការវះកាត់បានចំនួនប្រមាណ១០០០នាក់ រួមគ្នាជាមួយមជ្ឈមណ្ឌលវះកាត់បេះដូងទី១ ដែលបានធ្វើប្រតិបត្តិការនៅមន្ទីរពេទ្យជ័យវរ័្មនទី៧ ក្នុងខេត្តសៀមរាប តាំងពីឆ្នាំ២០១១ កន្លងមក។

ជាមួយក្រុមគ្រូពេទ្យឯកទេសកម្ពុជាយើង ដែលមានបទពិសោធន៍៨ឆ្នាំមកហើយ យើងសង្ឃឹមថាមជ្ឈមណ្ឌលបេះដូងទី២នេះ នឹងអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ដើម្បីព្យាបាលកុមារតូចៗដែលមានបញ្ហាបេះដូងពីកំណើតជាង ៤០០០នាក់ ដែលកំពុងរង់ចាំទទួលការវះកាត់កែតម្រូវជារៀងរាល់ឆ្នាំ ហើយដែលជាង៨០ភាគរយនៃករណីទាំងនេះ ពួកគេនឹងអាចមានជីវិតរស់នៅដូចកុមារធម្មតា ក្រោយការវះកាត់ទទួលបានជោគជ័យ៕