(ភ្នំពេញ)៖ ក្រោយពីសន្យាជួយរៀងរាល់ខែ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ខាងផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន, ព្រះតេជគុណ ច័ន្ទ សុភាព ប្រធានសមាគមរស្មីមូលនិធិសប្បុរសធម៌ គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តនាំយកទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យមកឧបត្ថម្ភជូន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយជនងាយរងគ្រោះ។

ក្នុងពិធីប្រគល់ និងទទួលទេយ្យទាន សម្ភារ និងបច្ច័យ នៅសាលាខណ្ឌឫស្សីកែវនាថ្ងៃនេះ ក្នុងនាមប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោក ជា ពិសី តំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ច័ន្ទ សុភាព ដែលបានផ្ដល់ជូននូវវប្បធម៌ចែករំលែក មកដល់អនុសាខាខណ្ឌ ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដែលនេះជាការរួមចំណែកដ៍សំខាន់មួយ ខាងផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីការថ្លែងអំណរគុណ លោក ជា ពិសី បានថ្លែងថា សម្រាប់ទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យ ដែលបានមកពីការឧបត្ថម្ភដោយព្រះតេជគុណ ច័ន្ទ សុភាព ប្រធានសមាគមរស្មីមូលនិធិសប្បុរសធម៌ ក្នុងការជួយមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែក ជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ក្នុងការចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ព្រះតេជគុណ ច័ន្ទ សុភាព បានមានសង្ឃដីកាថា ទេយ្យទាន សម្ភារ ក៍ដូចជាបច្ច័យ ដែលបានប្រគេនជូនកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទាំងអស់នេះ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីសហការបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ។

សូមជម្រាបថា ទេយ្យទានដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលបាន នាពេលនេះរួមមាន៖ អង្ករ១តោន , ទឹកត្រី១០០យួរ, ទឹកស៊ីអ៊ីវ១០០យួរ, ទឹកសុទ្ធ១០០យួរ, មី៧០កេស, អំបិល២០០គីឡូក្រាម, សម្ភារប្រើប្រាស់២សម្រាប់ និងថវិកាចំនួន២លានរៀល៕