(សៀមរាប)៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើសន្និសីទគិលានុបដ្ឋាក និងឆ្មប លើកទី១ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការធ្វើឲ្យប្រសើរឡើង នូវគុណភាពថែទាំ និងសុវត្ថិភាព ដើម្បីបង្កើនចំណេះដឹងដល់គិលានុបដ្ឋាក-ឆ្មប លើការងារថែទាំដល់គិលានុបដ្ឋាក និងឆ្មប បង្កើនទំនាក់ទំនងរវាងគិលានុបដ្ឋាក និងឆ្មបនៅក្នុងតំបន់»។

នៅឯអង្គសន្និសីទនេះ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ការធ្វើឲ្យប្រសើរឡើងនូវគុណភាពថែទាំ និងសុវត្ថិភាពដល់អ្នកជំងឺ គ្រូពេទ្យគ្រប់រូបចាំបាច់ត្រូវមានសមត្ថភាព ជំនាញវិជ្ជាជីវៈឲ្យបានគ្រប់គ្រាន់ និងត្រូវមានការជួបប្រជុំគ្នាឲ្យបានច្រើនដង ដើម្បីបង្កើនចំណេះដឹងដល់គិលានុបដ្ឋាក-ឆ្មប ចែករំលែកបទពិសោធន៍ លើការងារថែទាំដល់គិលានុបដ្ឋាក និងឆ្មប បង្កើនទំនាក់ទំនងរវាងគិលានុបដ្ឋាកនិង ឆ្មបនៅក្នុងតំបន់។

លោកបានអំពាវនាវឲ្យគ្រប់មន្ទីរពេទ្យទាំងអស់នៅកម្ពុជា ជួបប្រជុំគ្នាឲ្យបានច្រើនដង ដើម្បីចែករំលែកបទពិសោធន៍លើការងារថែទាំដល់គិលានុបដ្ឋាកនិងឆ្មប ខណៈកន្លងមកនេះ ការរៀបចំឲ្យមានសន្និសីទគិលានុបដ្ឋាក និងឆ្មបបែបនេះ គឺមិនសូវបានរៀបចំនោះទេ។

លោកបញ្ជាក់ថា សន្និសីទថែទាំវេជ្ជសាស្ត្រនេះ នឹងនាំមកនូវការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងក្រុមអ្នកជំនាញខាងផ្នែកថែទាំវេជ្ជសាស្ត្រ និងក្រុមការងារខាងផ្នែកថែទាំគ្រប់រូប ក្នុងការក្រេបយកចំណេះដឹងបន្ថែម ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនទៅ ក្នុងការអភិវឌ្ឍន៍គុណភាពនៃការថែទាំឲ្យកាន់តែប្រសើរឡើង។

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានថ្លែងថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងបរិស្ថាន ធនធានមនុស្ស លទ្ធភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល និងការងារគ្រប់គ្រងមន្ទីរពេទ្យផងដែរ ដែលបានធ្វើឲ្យមានកំណើនយ៉ាងខ្លាំងនូវចំនួន និងអត្រានៃការប្រើប្រាស់សេវានៅមន្ទីរពេទ្យមួយនេះ។

លោកបានបញ្ជាក់ថា ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងក៍នៅមានការខ្វះខាតមួយចំនួនតូច ដែលចាំបាច់ឲ្យមានការជួបជុំពិភាក្សាគ្នាឲ្យបានច្រើនដង ដើម្បីធ្វើឲ្យការផ្តល់សេវានៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបកាន់តែល្អប្រសើរ។ ជាក់ស្តែង នៅថ្ងៃនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានធ្វើសន្និសីទគិលានុបដ្ឋាក និងឆ្មប លើកទី១ ឆ្នាំ២០១៩ ដើម្បីចែករំលែកបទពិសោធន៍ផ្នែកថែទាំវេជ្ជសាស្ត្រ ដែលមានអ្នកជំនាញថ្នាក់ជាតិជាច្រើនមកធ្វើបទបង្ហាញ៕