(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយមន្ត្រីជំនាញសាធារណការខេត្ត បានអញ្ជើញចុះពិនិត្យមើលដំណើរការលុបផ្លូវសំបុកមាន់នៅក្នុងក្រុងកំពង់ចាម។ ជាមួយគ្នានេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងនារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះថា ការលុបផ្លូវសំបុកមាន់ ក្នុងក្រុងទូទាំងខេត្តកំពង់ចាម អាចរួចរាល់ នារយ: ពេល២ សប្ដាហ៍ទៀត។

ប្រធានមន្ទីរសាធារណការលោក សុខ ស្រ៊ុន បានឲ្យដឹងថា នាឆ្នាំកន្លងមក ការថែទាំផ្លូវ ពិសេសផ្លូវសំបុកមាន់ ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប្រើប្រាស់ថវិកាពីក្រសួងសាធារណការ។ ប៉ុន្តែ ដោសារនៅក្នុងឆ្នាំ២០១៨កន្លងទៅ ខាងក្រសួងសាធារណការ មិនមានថវិកាផ្តល់ឲ្យទើបខាងមន្ទីរសាធារណការខេត្ត មិនមានថវិកាប្រើប្រាស់នៅក្នុង យុទ្ធនាការលុបផ្លូវសំបុកមាន់នេះ។

ប៉ុន្តែ ក្រោយពេលលោក អ៊ុន ចាន់ដា ចូលកាន់តំណែង លោកបានណែនាំឲ្យមន្ទីរសាធារណការ ចាប់ផ្ដើមបើកយុទ្ធនាការលុបផ្លូវសំបុកមាន់ ក្នុងក្រុងទូទាំងខេត្តកំពង់ចាម ហើយប្រតិបត្តិការនេះ គឺប្រើប្រាស់ថវិការបស់សាលាខេត្កំពង់ចាម។

លោក សខ ស្រ៊ុន បានបញ្ជាក់ថា ការលុបផ្លូវសំបុកមាន់ក្នុងក្រុងទូទាំងខេត្តកំពង់ចាម បានចាប់ផ្ដើមយុទ្ធនាការនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលមកដល់ពេលនេះ បានសម្រេចប្រមាណជា៥០ ភាគរយហើយ។ យុទ្ធនាការនេះផងដែរនឹងអាចរួចរាល់ជាស្ថាពរ នៅរយៈពេល២សប្តាហ៍ខាងមុខ៕