(ភ្នំពេញ)៖ វេទិកាបរិស្ថាននិស្សិតអាស៉ី លើកទី៨ (The 8th Asian Students Environment Platform «ASEP») ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជា រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី០១-០៦ ខែសីហានេះ។

ពិធីប្រកាសវេទិកានេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ហ៉ីដេហ៉ីសា ហូរ៉ីណូឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។

ASEP ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍធនធានមនុស្ស ដែលមានសកម្មភាពជាមួយនឹងទស្សនវិស័យពិភពលោកនៅក្នុងបរិស្ថានធម្មជាតិ និងពិចារណាអំពីទីតាំង ដែលមានសារៈសំខាន់ នៃសកម្មភាពពាណិជ្ជកម្មនាពេលអនាគត។

វេទិកានេះមាននិស្សិត ៨០នាក់មកពីសាកលវិទ្យាល័យផ្សេងៗគ្នា ក្នុងចំណោមប្រទេសចំនួន១០ ដែលនឹងត្រូវចូលរួមនៅក្នុងការងារ ដែលមានសារៈសំខាន់នេះនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ វេទិកាឆ្នាំ២០១៩នេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «ការកសាងសន្តិភាពប្រកបដោយចីរភាព»។

និស្សិតដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នាទាំង១០ប្រទេស នឹងចែករំលែកពីបទពិសោធន៍ ក្នុងប្រទេសពួកគេ និងបរិស្ថាធម្មជាតិ នៅក្នុងប្រទេសរបស់ពួកគេ។ នៅឆ្នាំ២០១៩ កម្មវិធីនេះក៏ត្រូវបានធ្វើឡើងស្របជាមួយនឹងផ្នែកមួយ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រោមប្រធានបទ «Mekong-Japan Exchange year 2019»៕