(ព្រះសីហនុ)៖ អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំស្តីពី ការពង្រឹងការងារគ្រប់គ្រងប្រមូលចំណូលពន្ធ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានពន្ធដារ និងលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ មានការចូលរួមពី អគ្គនាយករង អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ, អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោក-លោកស្រី អភិបាលរងខេត្ត លោកប្រធាន-អនុប្រធាន នាយកដ្ឋានថ្នាក់កណ្តាល ប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ប្រធានសាខាពន្ធដារ ខេត្តសៀមរាប ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារពាក់ព័ន្ធជាច្រើនរូប។

តាមរយៈលទ្ធផលប្រមូលចំណូលពន្ធ របស់សាខាពន្ធដារខេត្តព្រះសីហនុ បានបង្ហាញថា គិតត្រឹមរយៈពេល ០៦ខែ ដើមឆ្នាំ២០១៩ លទ្ធផលនៃការប្រមូលចំណូលពន្ធ នៅខេត្តព្រះសីហនុ សម្រេចបាន ១០៤% នៃផែនការច្បាប់កំណត់ ដែលលទ្ធផលនេះ។

លទ្ធផលនេះ ទទួលបានការអបអរសាទរ និងការកោតសរសើរពីសំណាក់ លោកអភិបាល ខេត្ត និងលោកប្រតិភូរាជរដ្ឋាភិបាល ដែលក្នុងនោះ ប្រភេទចំណូលដែលមានសន្ទុះខ្លាំងនោះ គឺពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ។

ក្នុងកិច្ចប្រជុំ នេះ បានផ្តោតការជាសំខាន់ លើការពង្រឹងការងារគ្រប់គ្រងប្រមូលចំណូលពន្ធ នៅខេត្តព្រះសីហនុ ដោយពិនិត្យលើចំណុចសក្តានុពល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយទោះបីជាចំណូលពន្ធ នាពេលបច្ចុប្បន្ន មានកំណើនខ្លាំងក៏ពិតមែន ក៏ប៉ុន្តែមិនទាន់ឆ្លុះបញ្ចាំង ស្របទៅនឹងកំណើនសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្ត ដែលធ្វើឲ្យការប្រមូលពន្ធ មិនទាន់អស់សក្តានុពលនៅឡើយ។

គួរបញ្ជាក់ផងដែរថា ពន្ធគឺជាប្រភពដ៏សំខាន់នៃការអភិវឌ្ឍ ជាពិសេស ការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ គឺត្រូវពឹងផ្អែកលើថវិកាថ្នាក់ក្រោមជាតិ។

កន្លងមក អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា នៅមាន បញ្ហាក្នុងការជំរុញការងារ ចុះបញ្ជីពន្ធលើឈ្នួលផ្ទះនិងដី កត់សម្គាល់ឃើញថា កិច្ចសន្យាហាក់ត្រូវបានធ្វើឡើង សម្រាប់គោលដៅមកប្រកាសពន្ធ ដោយតម្លៃជួលទាបជាងតម្លៃជាក់ស្តែង ហើយអចលនទ្រព្យខ្លះ ត្រូ វបានជួលច្រើនដំណ៖

* ការធ្វើបច្ចុប្បន្នភាព និងចុះបញ្ជីអចលនទ្រព្យ ដែលជាគោលដៅពង្រឹងការផ្តល់សេវា និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើអលនទ្រព្យ
* ការចុះបញ្ជីរពន្ធដារ ដោយម្ចាស់សហគ្រាសមិនបានយល់ច្បាស់អំពីកាតព្វកិច្ចសារពើពន្ធ
* ហានិភ័យនៃការបាត់បង់ចំណូលពន្ធ ពីអាជីវកម្មដ្ឋាននានា ដែលជ្រកក្រោមស្លាកយីហោកាស៊ីណូ និងពង្រឹងការគ្រប់គ្រងប្រមូលពន្ធលើវិស័យសំណង់។

តាមរយកិច្ចប្រជុំនេះ រដ្ឋបាលសាលាខេត្តព្រះសីហនុ និងអគ្គនាយកដ្ឋានឧស្សហកម្មហិរញ្ញវត្ថុ ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងគ្រប់ជ្រុងជ្រោយក្នុងបេសកកម្ម នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេស ក្នុងខេត្តព្រះសីហនុនេះ។ ការចូលរួមពង្រឹងការគ្រប់គ្រងប្រមូលពន្ធ មានន័យថា បានចូលរួមអភិវឌ្ឍន៍ជាតិ។ ទន្ទឹមនឹងគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ នឹងពិចារណាចំពោះការលើកលែងពិន័យទោសទណ្ឌនានា ចំពោះស្ម័គ្រចិត្តមកចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធ។

ផ្ទុយទៅវិញ អគ្គនាយកដ្ឋានពន្ធដារ នឹងមានការវិធានការច្បាប់តឹងរឹង ចំពោះអំពើគេចវេះពន្ធ និងអំពើរាំងស្ទះ ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ និងចាត់វិធី អំពីករណីបទល្មើសពន្ធដារ លើសហគ្រាសដែលមានហានីភ័យខ្លាំង ចំពោះចំណូលពន្ធ ដែលធ្វើឲ្យការប្រកួតប្រជែងអាជីវកម្មមានភាពមិនស្មើគ្នា ប្រព័ន្ធពន្ធដារទន់ខ្សោយ និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច តាមរយៈកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាអាទិវិធានការ នៃការដកហូតអាជ្ញាបណ្ណជាដើម។

លោកប្រតិភូរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីជំនាញ នៅមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ឲ្យទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕