(ភ្នំពេញ)៖ កំពូលខ្សែភាពយន្តដ៏ល្បីល្បាញរឿង Fast & Furious: Hobbs & Shaw ដែលជាខ្សែភាពយន្តដ៏ល្បីល្បាញក្នុងចំណោមខ្សែភាពយន្ត ដែលល្បីៗនៅទូទាំងពិភពលោកពីផលិតកម្ម Universal Picture ត្រូវបានចាក់បញ្ចាំងមុនថ្ងៃកំណត់ (Pre- Screening) នៅលើអេក្រង់ IMAX នាល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ជាមួយនឹងរូបភាពយ៉ាងច្បាស់ត្រជាក់ភ្នែក នៅរោងភាពយន្ត Major Cineplex by Smart នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ។

ខ្សែភាពយន្តរឿង Fast & Furious: Hobbs & Shaw ជាខ្សែភាពយន្តបែបអាមេរិចកាំង ដែលចម្រុះទៅដោយសកម្មភាពប្រយុទ្ធគ្នា និងសកម្មភាពកំពូលអ្នកប្រណាំងឡានស្ទើតែគ្រប់ឈុតឆាក នៅក្នុងសាច់រឿងទាំងមូល។

Fast & Furious: Hobbs and Shaw ឫត្រូវបានគេស្គាល់ថា Hobbs &Shaw គឺជាខ្សែភាពយន្តបែបសកម្មអាមេរិក ឆ្នាំ២០១៩ ដឹកនាំដោយកំពូលអ្នកជំនាញផលិតកុន David Leitch និងនិពន្ធសាច់រឿងដោយ Chris Morgan និង Drew Pearce ផ្អែកលើរឿងរបស់ Morgan។ សាច់រឿងទាំងមូលបានលាតត្រដាងអំពីសិល្បៈនៃការបើករថយន្ដល្បឿនលឿន និងជម្លោះរវាង Luke Hobbs និង Deckard Shaw ដែលអ្នកទាំងពីរជាតួឯកប្រុសនៅក្នុងរឿង។ យ៉ាងណាមិញតួអង្គ Dwayne Johnson ត្រូវបានសម្ដែងជា Hobbs និង Jason Statham សម្ដែងជា Shaw។

សូមជម្រាបផងដែរថា ប្រសិនបើអ្នកគាំទ្រទាំងអស់បានទៅទស្សនាខែ្សភាយយន្ដនេះ សូមកុំរំលងក្រេឌីដស៊ីនចំនួន៣ នៃចុងបញ្ចប់សាច់រឿងនោះ អ្នកនឹងដឹងថា វគ្គបន្ដនៃអំបូរ Fast & Furious កំពូលអ្នកប្រណាំងឡាន និងមានអ្វីហួសចិត្តនឹកស្មានមិនដល់។ ភាពយន្ដនេះមានដាក់បញ្ចាំពីថ្ងៃទី០១ ខែសីហា នៅគ្រប់រោងភាពយន្ដ Major Cineplex by Smart ជាប្រភេទ 2D 3D 4DX និង IMAX៕