(កោះកុង)៖ មន្ទីរកសិកម្មខេត្តកោះកុង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ បានចុះកិច្ចព្រមព្រៀង ជាមួយអង្គការ សង្គ្រោះកុមារ ដើម្បីអនុវត្តន៍គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតផលកសិកម្ម និងទីផ្សារ ដែលរៀបចំធ្វើឡើង នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម, លោកស្រី គ្ល័រ រៀល (GIoria Donate) នាយកស្ដ្រីទី របស់អង្គការសង្គ្រោះកុមារ ប្រចាំប្រទេសកម្ពុជា និងមន្ត្រីរាជការតាមបណ្តាស្រុក។

លោក អ៊ី ម៉េងលាង បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានបានអង្គការ សង្គ្រោះកុមារ ជាដៃគូរ បានចុះកិច្ចព្រមព្រៀង និងផ្សព្វផ្សាយការអនុវត្តន៍គម្រោង ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ និងការគ្រប់គ្រងបម្រែ បម្រួលទីផ្សារ ការប្រើប្រាស់កម្លាំងកុមារ ក្នុងការងារកសិកម្ម និងរួមគ្នាទាំងវិស័យសាធារណៈ និងវិស័យឯកជន។

លោកបន្តថា កិច្ចព្រមព្រៀងនេះ នឹងក្លាយជាផែនដី បង្ហាញផ្លូវសម្រាប់ ក្នុងការជំរុញផលិតកម្ម ដំណាំចំការចេក ស្វាយចន្ទី និងឈើហូបផ្លែដ៍ទៃទៀត ក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគខាងត្បូង ហើយតភ្ជាប់មួយគ្នានេះដែរ ជួសមុខ ឲ្យមន្ទីរកសិកម្ម ខេត្ត រីករាយពេញចិត្ត ចំពោះអង្គការសង្រ្គោះកុមារ ដែលបានព្យាយាមបន្ត និងពង្រីកលទ្ធភាពគាំទ្ររបស់ខ្លួន និងនាំយកដៃគូរអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែក ក្នុងការងារវិស័យកសិកម្ម និងអប់រំ។

លោក អ៊ី ម៉េងលាង បានបញ្ជាក់ថា ការអនុវត្តគម្រោង STEER លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សាររបស់អង្គការ សង្គ្រោះកុមារ បានជ្រើសរើសយកស្រុកចំនួន៣គឺ ស្រុកថ្មបង ស្រុកស្រែអំបិល ស្រុកបុទុមសាគរ រយៈពេល៥ឆ្នាំ ហើយបើក្នុងរយៈ៥ឆ្នាំ មានការលូតលាស់អង្គការនេះ និងបន្តគម្រោងបន្តទៀត។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានថ្លែងថា លោកស្រីតំណាងឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង មានសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានអង្គការ សង្គ្រោះកុមារ បានចូលរួមសហការ ដើម្បីលើកស្ទួយ ផ្នែកវិស័យកសិកម្ម ដើម្បីទាញចេញនូវការរីកចម្រើន ផ្នែកកសិកម្មក្នុងការដាំដុះ របស់ប្រជាពលរដ្ឋបានទទួលទិន្នផលខ្ពស់ ក្នុងការដាំដុះ៕