(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានមើលឃើញថា សកម្មភាពរបស់សហរដ្ឋអាមេរិក រយៈពេលកន្លងមកនេះ បានបង្ហាញឱ្យឃើញអំពីចេតនាអាក្រក់ ក្នុងការបំផ្លាញទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងចិន។

លោក ពេជ្រ ស្រស់ បានចេញវីដេអូមួយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បកអាក្រាតអំពីផែនការរបស់សហរដ្ឋអាមេរិក។ លោកអះអាងថា សហរដ្ឋអាមេរិកចង់កម្ទេចប្រទេសណាមួយ ដែលមិនរណបខ្លួន ហើយកំពុងយកសាំងមកចាក់បញ្ឆេះនៅកម្ពុជា ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល និងរើសអើងជាតិសាសន៍។

ការអះអាងបែបនេះ របស់អ្នកនយោបាយវ័យក្មេងរូបនេះ បានធ្វើឡើងស្របពេលដែល ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញសារវាយប្រហារទៅលើការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា កាលពី១ឆ្នាំមុននេះថា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក តាមរយៈសារព័ត៌មានរបស់ខ្លួន The Wall Street Journal បានវាយប្រហារថា កម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយចិន ដើម្បីផ្តល់មូលដ្ឋានកងទ័ពជើងទឹករាម ឱ្យទៅកងទ័ពចិន។

លោក ពេជ្រ ស្រស់ បានលើកឡើងថា ជារឿយៗរដ្ឋាភិបាលអាមេរិក កំពុងយកកម្ពុជា ធ្វើជាទឡ្ហីករណ៍ ដើម្បីផ្ចាញ់ចិន ហើយកំពុងតែបេះកម្ពុជាចេញឱ្យឆ្ងាយពីចិន ដែលអាមេរិកគិតថាកម្ពុជា ជាមួយចិនកំពុងតែស្អិតរមួតជាមួយគ្នា។ ត្រង់ចំណុចនេះ វាអត់មានអីចម្លែកទេ ហើយកម្ពុជា ជាប្រទេសមួយដែលកំពុងអភិវឌ្ឍ ដូច្នេះកម្ពុជា ត្រូវការប្រទេសដែលផ្តល់លទ្ធភាព ដើម្បីឱ្យខ្លួនមានឱកាស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដើម្បីឆ្លើយតប ទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនសព្វថ្ងៃនេះ។

លោក ពេជ្រ ស្រស់ បានអះអាងយ៉ាងដូច្នេះថា៖ «អាមេរិកកំពុងតែខ្ចីដៃកម្លាំងមហាជនរបស់ខ្មែរ ទៅវ៉ៃចិន ជំនួសខ្លួនតាមបញ្ឆួលកំហឹង ការរើសអើង និងការស្អប់ភាគីណាមួយ ក្រៅពីបញ្ឆេះឱ្យខ្មែរ រើសអើងជនជាតិចិន អាមេរិក ឥឡូវនេះអាមេរិក បានរាយសាំងមួយស៊ីទែនទៀត នៅទឹកដីរាមថា ចិនកសាងមូលដ្ឋានទ័ពនៅសមុទ្ររាម ធ្វើឱ្យកំហឹងរបស់ប្រជាពលរដ្ឋកាន់ខ្លាំងស្អប់ រដ្ឋាភិបាល ជាពិសេសធ្វើឱ្យពិភពលោកសន្និដ្ឋានកម្ពុជាខុស»

អ្នកនយោបាយវ័យក្មេង លោក ពេជ្រ ស្រស់ ក៏បានលើកឡើងអំពីចរិតពុតត្បុតរបស់អាមេរិក ដែលធ្វើបាបប្រទេសណាមួយ ដែលមិនរណបខ្លួន ដោយចោទប្រកាន់នេះ ចោទប្រកាន់នោះ ដើម្បីធ្វើយ៉ាងកម្ទេចប្រទេសនោះឱ្យខាងតែបានជាក់ស្តែង ប្រទេសអីរ៉ាក់ ស៊ីរី លីប៊ី គឺត្រូវរងវិនាសកម្មដោយសារតែភ្លើងសង្គ្រាម ដោយសារតែអាមេរិកទាំងអស់ ដូច្នេះសូមជនរួមជាតិទាំងអស់យល់ឱ្យច្បាស់ពីមហិច្ចតា ដល់យង់ឃ្នងរបស់ប្រទេសបិតាប្រជាធិបតេយ្យនេះ តែតាមពិតមានបង្កប់ដោយល្បិចកល។

លោក ពេជ្រ ស្រស់ បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅកម្ពុជាបច្ចុប្បន្ន អាមេរិក កំពុងដាក់ភ្នែកនៅកម្ពុជា ហើយប្រវត្តិសាស្ត្រកម្ពុជា និងអាមេរិក ដូចមិនសូវជាល្អប៉ុន្មានទេ រាប់ពីសម័យអតីតព្រះករុណា ព្រះបាទ នរោត្តម សីហនុ ហើយអាមេរិកជាឈើគូសមួយដែលដើរឆួលគ្រប់ប្រទេស ដែលអាមេរិក គិតថាប្រទេសមួយនោះមិនចុះញ៉មនឹងខ្លួន មិនធ្វើការអ្វីដែលអាមេរិកដាក់ឱ្យ នេះជាចរិតពិតរបស់អាមេរិក ខ្ញុំវិភាគ គឺមានសំណាញ់ ខ្ញុំនិយាយគឺមានតាក់តាង យើងមើលប្រទេសលីប៊ី អាមេរិក ប្រឆួលឱ្យឆេះ យើងមើលប្រទេសអារ៉ាប់ប៊ីសាអូឌីត គឺអាមេរិក ជាអ្នកបញ្ជាវ៉ៃឡើងខ្ទេចប្រទេសគេមួយ»

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោកពេជ្រ ស្រស់៖