(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩។

កិច្ចប្រជុំ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ បានធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក នុត សុខុម អនុប្រធាន គ.ជ.ប។ ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន តំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១១ តំណាងគណបក្សនយោបាយ ចំនួន១០ អង្គភាពសារព័ត៌មានចំនួន១៣ និងមន្រ្តី គ.ជ.ប ចំនួន ២០នាក់ សរុបចំនួន ៨០នាក់។

លោក នុត សុខុម បានថ្លែងថា គ.ជ.ប សម្រេចផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ដូចខាងក្រោម៖
* ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១០៨,២៧២នាក់
* ឈ្មោះដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតចំនួន ៤២,៩១៧នាក់
* ប្រជាពលរដ្ឋផ្ទេរចូលចំនួន ១៩,១១៧នាក់
* ប្រជាពលរដ្ឋសរុបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៩ ចំនួន ៨,៦២៩,៣៥៧ នាក់ ស្មើនឹង៨៤.៧៨% ធៀបនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសរុប ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

សូមជម្រាបជូនថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០១៩ គ.ជ.ប នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ហើយបញ្ជីបោះឆ្នោតផ្លូវការនេះ គ.ជ.ប នឹងបញ្ជូនទៅរក្សាទុកជាឯកសារនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅតាមសាលាឃុំ សង្កាត់ ទាំង ១,៦៤៦ ទូទាំងប្រទេស៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖