(ភ្នំពេញ)៖ លោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកាណាដា បានសហការជាមួយកម្ពុជា ដើម្បីស៊ើបអង្កេតរកប្រភពសំណល់ផ្លាស្ទិក ៨៣កុងតឹន័រ ដែលបាននាំចូលមកកាន់ប្រទេសកម្ពុជា។

លោក នេត ភក្ត្រា បានអះអាង តាមរយៈសេចក្តីប្រកាសមួយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា៖ «ប្រទេសដែលជាប្រភពនៃសំណល់ប្លាស្ទិកនេះ ក្នុងនោះមានអាជ្ញាធរនៃប្រទេសកាណាដា និង សហរដ្ឋអាមេរិក បានទាក់ទងមកអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជាស្វែងរកព័ត៌មានបន្ថែមដើម្បី ស៊ើបអង្កេតលើការនាំចេញសំណល់ប្លាស្ទិកទាំងនេះ។ អាជ្ញាធរនៃប្រទេសទាំងពីរ បានបង្ហាញពីកិច្ចសហប្រតិបត្តិការលើបញ្ហានេះ»

សំណល់ផ្លាស្ទិកចំនួន ៨៣កុងទឺន័រ មានទម្ងន់ជិត១៦០០តោន ដែលនាំចូលពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មកកាន់កម្ពុជា ត្រូវបានកម្លាំងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការឆែកឆេរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

របាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ទំនិញជាកាកសំណល់ប្លាស្ទីកទាំងនេះ បាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងបានសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨ និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា។

ក្នុងចំណោមសំណល់ផ្លាស្ទិកទាំង៨៣កុងតឺន័រនោះ មានកុងតឺន័រចំនួន ៧០ (មានទម្ងន់១,៣២២ តោន) នាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន១៣ (មានទម្ងន់២៧០ តោន) បាននាំចេញមកពីប្រទេសកាណាដា។ ឯកសារដឹកជញ្ជូនក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី (២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម(៣ ជើង)។

ក្រុមហ៊ុន ដែលចាំទទួលយកសំណល់ផ្លាស្ទិកទាំងនោះយកទៅកែច្នៃ មានឈ្មោះ ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលមានថៅកែជនជាតិខ្មែរ មានឈ្មោះ សួន ឡុក។ ប៉ុន្តែក្រុមហ៊ុនដែល ផ្តល់សំណល់ផ្លាស្ទិកជូនក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក និងកាណាដា គេនៅមិនទាន់ដឹងនៅឡើយទេ រហូតមកដល់ពេលនេះ។

បើតាម លោក នេត ភក្រ្តា បានឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងរបស់ស្ថាប័នជំនាញ គឺសំណល់ផ្លាស្ទិក ដែលនាំចូលមកនេះ បានវេចខ្ចប់ ឬរុំទំនិញធំៗ និងប្លាស្ទិកប្រភេទស្តើង សម្រាប់ខ្ចប់ម្ហូបអាហារ ឬផ្លែឈើឬរុំវ៉ាលីសនៅតាមអាកាសយានដ្ឋាន ដែលជ្រួញមិនអាចប្រើប្រាស់បាន ប៉ុន្តែពុំឃើញមានប្រឡាក់សារធាតុផ្សេងៗឡើយ។ សំណល់ផ្លាស្ទិកទាំងនេះ ពុំមានសមាសធាតុលោហៈធ្ងន់ដែលលើសកម្រឹតស្តង់ដារអាចប៉ះពាល់សុខ ភាពមនុស្ស ឬនាំឱ្យខូចគុណភាពបរិស្ថានក៏ដោយ។

លោកនេត ភក្ត្រា បានបន្តថា ក្រោយប្រទេសចិន បានចេញបំរាមនាំចូលកាកសំណល់ប្លាស្ទិកចាប់ពីខែមករា ឆ្នាំ២០១៨ មក ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាគោលដៅ នៃការបង្វែរទិស នាំចូលកាកសំណល់ ប្រភេទសំណល់ប្លាស្ទិកទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលយើងបានឃើញកើតមានដូច ជានៅប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូសេនីជាដើម។ លោកថ្លែងថា ៖ «នេះបញ្ហាប្រឈមថ្មីសម្រាប់ ប្រទេសនៅក្នុងតំបន់រាប់ទាំងកម្ពុជា ហើយតម្រូវឱ្យមានអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស ស្ថាប័នគយចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធទំនិញប្រភេទ គ្រោះថ្នាក់នេះចូលមកប្រទេសកម្ពុជា»

លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់នូវគោលជំហរម៉ឺងម៉ាត់ សំណល់ប្លាស្ទិកដែលជាទំនិញត្រូវហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាទាំងនេះមកពីប្រភពណា នឹងត្រូវបញ្ជូនទៅប្រភពដើមវិញ។ ចំពោះក្រុមហ៊ុន និងអ្នកពាក់ព័ន្ធក្នុងការនាំចូលសំណល់ប្លាស្ទិកនេះ ត្រូវប្រឈមមុខនឹងច្បាប់
ដែលមានជាធរមាន និងរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរតាមច្បាប់។

លោកបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូល សំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោល បច្ចេកវិទ្យា ហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យមានការកែច្នៃសំណល់ប្លាស្ទិកដែលជា វត្ថុធាតុដើម នៅក្នុងប្រទេសកម្ពុជាព្រោះកម្ពុជា ក៏បាននិងកំពុងប្រឈមនឹងការបំពុលដោយសំណល់ប្លាស្ទិកដែរ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការនាំចូលសំណល់ប្លាស្ទិកពីក្រៅប្រទេសចូលមក កែច្នៃនៅក្នុងប្រទេសកម្ពុជាទេ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការនាំចូលសំរាមផ្លាស្ទិក៨៣កុងតឺន័រ មកកាន់កម្ពុជានេះ រាជរដ្ឋាភិបាល បានសម្រេចដាក់ពិន័យ ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដោយត្រូវនាំទំនិញនេះ ត្រឡប់ប្រទេសដើមវិញ ឱ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានសម្រេចផាកពិន័យក្រុមហ៊ុននេះជាទឹកប្រាក់ចំនួន ១០៣៧.៥លានរៀល ចូលជាថវិកាជាតិ៕