(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតឱសថសាណូហ្វីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចូលរួមចំណែកក្នុងសម្មភាពជួយដល់សង្គម និងផ្តល់ក្តីស្រលាញ់ជូនដល់ប្រជាជនកម្ពុជា តាមរយៈការបរិច្ចាគឈាមជាលើកទី២ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជំរុញលើកកម្ពស់ការយល់ដឹង ពីភាពចាំបាច់នៃតម្រូវការឈាមនាពេលបច្ចុប្បន្ន នៅការិយាល័យរបស់ក្រុមហ៊ុនផលិតឱសថសាណូហ្វីកម្ពុជា។

អ្នកស្រី Monsinee Sathirakawinskul នាយិកាប្រតិបត្តិក្រុមហ៊ុនសាណូហ្វីកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីភាពចាំបាច់ជាក់ស្តែងនៃតម្រូវការឈាមជារៀងរាល់ថ្ងៃ ជាពិសេសសម្រាប់ប្រើប្រាស់ក្នុងការវះកាត់ និងករណីសង្គ្រោះបន្ទាន់ យើងបានរៀបចំសកម្មភាពបរិច្ចាគឈាមនេះឡើង ដើម្បីផ្តល់ឱកាសដល់បុគ្គលិករបស់យើង មានលទ្ធភាពចូលរួមចំណែកបំពេញតម្រូវការដើម្បីសង្គ្រោះដល់ជនរងគ្រោះដែលកំពុងត្រូវការឈាម។

អ្នកស្រី Monsinee បានបន្ថែមទៀតថា យើងពិតជារីករាយយ៉ាងខ្លាំង ដែលបុគ្គលិករបស់យើងបានស្មគ្រ័ចិត្តរួមចំណែកផ្តល់ឈាម ដែលនេះជាការដូនៃក្តីស្រលាញ់ ដើម្បីសង្គ្រោះជីវិត។ ជាងនេះទៅទៀត នេះក៏ជាស្មារតី និងសកម្មភាពសប្បុសធម៌ និងសកម្មភាពសង្គមមួយ ក្នុងចំណោមសកម្មភាពជាច្រើនទៀត ដែលសាណូហ្វីកម្ពុជា តែងតែយកចិត្តទុកដាក់ និងជំរុញសកម្មភាពល្អៗសម្រាប់សង្គមជាតិជាបន្តបន្ទាប់។

លោកវេជ្ជបណ្ឌិត ខៃ សុខហេង ប្រធានក្រុមចល័តនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានលើកឡើងដែរថា តម្រូវការឈាមក្នុងមួយថ្ងៃៗ មានរហូតដល់ជាង៣០០ប្លោក។ នេះជាតម្រូវការមួយដ៏ធ្ងន់ធ្ងរ ដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងប្រឈមក្នុងការស្វែងរកអំណោយឈាមដើម្បីបំពេញតម្រូវការនេះ។

មួយរយៈចុងក្រោយនេះ ការចូលរួមចំណែកបរិច្ចាគឈាម មានការកើនឡើងគួរឲ្យកត់សម្គាល់ ពីសំណាក់សប្បុរសជនទូទៅ និងតាមរយៈបណ្តាក្រុមហ៊ុននានា ព្រមទាំងស្ថាបនរដ្ឋផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយតម្រូវការកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ហេតុដូច្នេះហើយការបរិច្ចាគឈាមពិតជាមានកម្រិត ដើម្បីបំពេញកំណើននៃតម្រូវការនេះ ជាពិសេសខណៈបច្ចេកវិទ្យាកាន់តែរីកចម្រើន តម្រូវការឈាមក៏កាន់តែច្រើនតាមនោះដែរ។

លោកវេជ្ជបណ្ឌិត ខៃ សុខហេង ក៏សូមអំពាវនាវដល់សាធារណៈជន ដែលមានអាយុចាប់ពី១៨ឆ្នាំ និងមានទម្ងន់ចាប់ពី៤៥គីឡូក្រាមឡើងទៅ អាចបរិច្ចាគឈាមបានរហូតដល់៤ដងក្នុងមួយឆ្នាំសម្រាប់បុរស និង៣ដងសម្រាប់ស្រ្តី នេះបានន័យថា បុរសអាចបរិច្ចាគរៀងរាល់៣ខែម្តង និងស្រ្តីរៀងរាល់៤ខែម្តង។ គម្លាតខុសគ្នានេះដោយសារលក្ខណៈជីវសាស្រ្តរវាងបុរស និងស្រ្តី។

លោកវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់ថា ការបរិច្ចាគឈាមនេះពិតជាមិនប៉ះពាល់ដល់សុខភាពឡើយ ដោយសារការបរិច្ចាគឈាមចំណុះ៣៥០មីលីលីត្រ ឬប្រមាណ ៥-៦% នៃរាងកាយទាំងមូល មានជាតិផ្លាសស្មាប្រហែល៥០-៦០% ដែលវាបំលែងចេញពីទឹក។ ដូច្នេះក្រោយការបរិច្ចាគឈាមហើយ តម្រូវឲ្យអ្នកបរិច្ចាគពិសារទឹកឲ្យបានច្រើន។

រយៈពេលចន្លោះពី២ទៅ៣ម៉ោងក្រោយ វានឹងបំពេញមកវិញនូវជាតិផ្លាសស្មា។ ចំណែកគ្រាប់ឈាមក្រហមវិញ វានឹងបំពេញមួយថ្ងៃប្រហែល២៥មីលីលីត្រ។ ដូច្នេះរយៈពេលប្រមាណតែ ២ ទៅ ៣សប្តាហ៍ប៉ុណ្ណោះ ឈាមនឹងគ្រប់មកវិញដូចដើម។ ក្នុងបច្ចេកទេសវេជ្ជសាស្រ្ត ទាល់តែការបាត់បង់ឈាមលើសពី ៣០% ឡើងទៅ ទើបតម្រូវឲ្យអ្នកជំងឺចាក់បញ្ចូលឈាម ដោយឡែកការបរិច្ចាគឈាមប្រមាណ ៥% ទៅ ៦% ពិតជាមិនប៉ះពាល់សុខភាពនោះឡើយ។

លោកវេជ្ជបណ្ឌិត ខៃ សុខហេង ក៏ថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជានិច្ចកាលតែងផ្តល់ការគាំទ្រ និងរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពបរិច្ចាគឈាម ហើយក៏ជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនសាណូហ្វីកម្ពុជា ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀតបន្តសកម្មភាពសង្គមមួយនេះ ដែលជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌៕