(សៀមរាប)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ជារៀងរាល់ឆ្នាំជិត ១/៣ ឬប្រមាណ ៤,៥០០ករណី នៃមរណភាពកុមារសរុបនៅកម្ពុជា មានទំនាក់ទំនងជាមួយនឹងបញ្ហា កង្វះអាហារូបត្ថម្ភ និងជិត ១/៤ នៃកុមារអាយុក្រោម៥ឆ្នាំ មានទម្ងន់ទាប និង ១០% មានបញ្ហាស្គមស្គាំង។

ការថ្លែងបែបនេះ របស់សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០១៩
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅទីធ្លាហាត់ប្រាណមាត់ស្ទឹង ទីរួមខេត្តសៀមរាប។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភស្រ្តីក្នុងវ័យបន្តពូជ មាតា ទារក និងកុមារតូច។ អត្រាមរណភាពមាតាបានថយចុះពី ៤៤២ករណី ក្នុង ១០០,០០០កំណើតរស់ នៅឆ្នាំ២០០៥ មកនៅត្រឹម ១៧០ករណី នៅឆ្នាំ២០១៤ រីឯអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ ក៏បានថយចុះពី ៨៣ករណី ក្នុង១,០០០កំណើតរស់ នៅឆ្នាំ២០០០ មកនៅត្រឹម ៣៥ករណី នៅឆ្នាំ២០១៤»។

ចំណែកអត្រាកុមារក្រិសក្រិន ត្រូវបានកាត់បន្ថយពី៥០% នៅឆ្នាំ២០០០ មកត្រឹម ៣២% នៅឆ្នាំ២០១៤ អត្រាកុមារមានទម្ងន់ទាបត្រូវបានកាត់បន្ថយពី៣៩% នៅឆ្នាំ២០០០ មកត្រឹម ២៤% នៅឆ្នាំ២០១៤ អត្រាស្រ្តីក្នុងវ័យបន្តពូជកង្វះអាហារូបត្ថម្ភត្រូវ បានកាត់បន្ថយពី២១% នៅឆ្នាំ២០០០ មកត្រឹម ១៤% នៅឆ្នាំ២០១៤។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបញ្ជាក់ថា «បើទោះបីកម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាច្រើន ក្នុងការលើកកម្ពស់សុខភាពរបស់មាតា និងទារកក៏ដោយ ក៏បញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា ស្ថិតនៅជាការយកចិត្តទុកដាក់ជាអាទិភាព ពីសំណាក់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់។ ជារៀងរាល់ឆ្នាំជិត ១/៣ ឬប្រមាណ ៤.៥០០ករណី នៃមរណភាពកុមារសរុបនៅកម្ពុជា មានទំនាក់ទំនងជាមួយនឹងបញ្ហាកង្វះអាហារូបត្ថម្ភ»។

លើសពីនេះទៀត មានកុមារអាយុក្រោម៥ឆ្នាំ ចំនួន៣២នាក់ ក្នុងចំណោម ១០០នាក់ មានបញ្ហាក្រិសក្រិន ដែលជាអត្រាមួយនៅតែមានកម្រិតខ្ពស់នៅឡើយ។ ជិត ១/៤ នៃកុមារអាយុក្រោម៥ឆ្នាំមានទម្ងន់ទាប និង ១០% មានបញ្ហាស្គមស្គាំង។ ជាមួយគ្នានេះ និន្នាការលើសទម្ងន់ និងធាត់ជ្រុលកំពុងតែវាយលុកយ៉ាងខ្លាំងនៅតំបន់ទីក្រុង និងជនបទមួយចំនួន ហើយបញ្ហាកង្វះមីក្រូសារជាតិរួមមាន កង្វះជាតិស័ង្កសី និងជាតិអ៊ីយ៉ូដ នៅតែជាបញ្ហាសុខភាពសាធារណៈនៅកម្ពុជា។ បញ្ហាអាហារូបត្ថម្ភនេះ គឺជាការគំរាមកំហែង និងរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម មូលធនមនុស្ស សេដ្ឋកិច្ច និងការរីកចម្រើនរបស់ប្រទេសជាតិ។

រដ្ឋមន្ដ្រីសុខាភិបាល ថ្លែងបន្ដថា មានមូលហេតុជាច្រើនដែលបណ្តាលឱ្យមានបញ្ហាកង្វះ និងលើសអាហារូបត្ថម្ភនៅកម្ពុជា ក្នុងនោះរួមមានការផ្តល់អាហារដល់កុមារ មិនបានគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព របៀបផ្តល់របបអាហារ ដល់កុមារមិនបានត្រឹមត្រូវ តាមអាយុ និងតំរូវការរបស់ពួកគេ ការមិនបានយកចិត្តទុកដាក់លើការថែទាំកុមារ ការអនុវត្តអនាម័យមិនបានត្រឹមត្រូវ ការទទួលសេវាសុខភាពមិនបានគ្រប់គ្រាន់ និងការមិនបានផ្លាស់ប្តូរឥរិយាបថ និងទម្លាប់សមស្របជាដើម។ ការដោះស្រាយបញ្ហាទំាងអស់នេះ មានសារៈសំខាន់ និងចាំបាច់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ ដើម្បីរួមចំណែកឱ្យកម្ពុជា អាចសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

ជាការពិតណាស់ ការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ធ្លាប់ទទួលបានជោគជ័យយ៉ាងធំធេង និងជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា។ យោងតាមលទ្ធផល នៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាចំនួនបីលើក បានបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយតែ១មុខគត់សម្រាប់កុមារអាយុ ០-៦ខែ បានកើនឡើងពី១១% ក្នុងឆ្នាំ ២០០០ រហូតដល់៦០% ក្នុងឆ្នាំ២០០៥ និងបន្តកើនឡើងរហូតដល់ ៧៣.៥% ក្នុងឆ្នាំ២០១០។

តែជាបញ្ហា ការអនុវត្តបំបៅកូនដោយទឹកដោះម្តាយពេញលេញបានធ្លាក់ចុះនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ បានធ្លាក់ចុះពី ៧៣.៥% នៅឆ្នាំ២០១០ មកត្រឹម ៦៤.៦% នៅឆ្នាំ២០១៤។ ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាម ក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល និងការបន្តបំបៅកូនដោយទឹកដោះម្តាយរហូតដល់អាយុ ១២ខែ បានធ្លាក់ចុះពី ៦៥.៣% មកត្រឹម ៦២.៦% និងធ្លាក់ចុះពី ៨៣% មកត្រឹម ៨០%។

បន្ថែមពីនេះ ការបំបៅទារកដោយដបទឹកដោះគោ មានការកើនឡើងយ៉ាងឆាប់រហ័សចាប់ពី១១.៨% នៅឆ្នាំ២០០៥ រហូតដល់ ២៤.៧% នៅឆ្នាំ២០១០ និងកើនឡើងបន្ថែមរហូតដល់ ៣១% នៅឆ្នាំ២០១៤។ ជាការកត់សម្គាល់មួយដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនោះគឺមានស្ត្រី១នាក់ ក្នុងចំណោម៣នាក់ ដែលសម្រាលកូននៅគ្លីនិកឯកជន បានបំបៅទារកដែលទើបនឹងកើត ដោយផលិតផលជំនួសទឹកដោះម្តាយ។

ជាងនេះទៅទៀត ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះសម្រាប់ទារក និងកុមារនៅគ្រប់កាល:ទេស:ទំាងអស់។ ភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាម កំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួច អាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់រយៈពេល៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។

ការមិនបានបំបៅកូនដោយទឹកដោះម្តាយ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល និងសតិបញ្ញាស្មារតីរបស់កុមារ។ កុមារមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញ មានទំហំខួរក្បាលតូចជាងកុមារ ដែលបានបៅដោយទឹកដោះម្តាយពេញលេញ។ មិនតែប៉ុណ្ណោះពួកគេបាត់បង់ភាពវៃឆ្លាត ឬ IQ ចំនួន 2.6 ពិន្ទុប្រៀបធៀបនឹងកុមារទទួលបានការបំបៅទឹកដោះម្តាយពេញលេញ។

ផែនទីបង្ហាញផ្លូវ ដើម្បីពន្លឿនការកែលម្អអាហារូបត្ថម្ភ (២០១៤-២០២០) របស់ក្រសួងសុខាភិបាលបានរំលេចថា ការប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្ដូរឥរិយាបថដោយផ្ដោតលើឱកាសមាស ១,០០០ថ្ងៃដំបូងនៃជីវិតកុមារ ជាពិសេសការបំបៅដោយទឹកដោះម្តាយ គឺជាសមាសភាគមួយដ៏សំខាន់ ក្នុងចំណោមសមាសភាគទាំង៨ សម្រាប់ពន្លឿនវឌ្ឍនភាព ក្នុងការឆ្លើយតបចំពោះបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតា ទារកនិងកុមារតូច។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងធ្វើការផ្នែកគាំពារមាតា និងទារក និងអាហារូបត្ថម្ភ ឲ្យបន្តអនុវត្តសកម្មភាពដូចតទៅ៖

១)-បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ដើម្បីធានាឲ្យបាននូវអាហារូបត្ថម្ភសម្រាប់មាតានិងកុមារ ដែលក្នុងនោះ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុតដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភកុមារ

២)-បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

៣)-បន្តជំរុញឲ្យមាតាទៅពិនិត្យផ្ទៃពោះមុនពេលសម្រាល និងសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព

៤)-បន្ត ផ្តល់សេវាសុខភាព និងយកចិត្តទុកដាក់ថែទាំសុខភាពមាតា និងកុមារ តាមរយៈការពង្រីកបន្ថែមមន្ទីរពេទ្យ និងសហគមន៍ស្រទ្បាញ់ទារកនៅទូទាំងប្រទេស

៥)-ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជន ត្រូវបន្តផ្សព្វផ្សាយនិងបង្កើតកម្មវិធីផ្សេងៗឲ្យសកម្មពាក់ព័ន្ធនឹងអាហារូបត្ថម្ភ និងការបំបៅកូនដោយទឹកដោះម្តាយ ប្រកបដោយអត្ថន័យនិងខ្លឹមសារអប់រំ

៦)-បន្តការពង្រឹងការអនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុក្រឹត្យលេខ ១៣៣ និងប្រកាសរួមអន្តរក្រសួងលេខ ០៦១ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ

៧)-បន្តការត្រួតពិនិត្យតាមដាន ដើម្បីគ្រប់គ្រងឲ្យបានម៉ឹងម៉ាត់ការឃោសនាពាណិជ្ជកម្មនិងការផ្សព្វផ្សាយលក់ផលិត ផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត ដែលនាំឲ្យមានការភាន់ច្រទ្បំដល់សាធារណជន។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់អង្គការ UNICEF, WHO, (Helen Keller International), Save the Children, Plan International, World Vision, RACHA និង Alive & Thrive ដែលបានផ្តល់ជំនួយបច្ចេកទេសនិងថវិកាដល់ក្រសួងសុខាភិបាល ក្នុងការរៀបចំប្រារព្ធសបា្តហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយនេះឡើង។ និងថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តសៀមរាប ដែលបានជួយសម្របសម្រួលក្នុងការរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង៕