(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ ភ្នាក់ងារសន្ដិសុខឯកជន ប្រមាណជាង៣,០០០នាក់ ទទួលបានការបណ្ដុះបណ្ដាល និងបំប៉នជំនាញ ពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងពិធីបើកវគ្គបំប៉ន់ជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៩ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា វិស័យសន្ដិសុខឯកជន មានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក ក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ហេតុដូច្នេះហើយក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បានបើកវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់។

បើតាមលោកឧត្តមសេនីយ៍ ឯក លឹម សុខារស្មី បើគិតតាំងពីវគ្គទី១ នៃការសិក្សា រហូតមកដល់វគ្គទី១៩នេះ ពោលមានរយៈពេលជាង១ឆ្នាំ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ភ្នាក់ងារសន្ដិសុខឯកជន បានប្រមាណជាង៣,០០០នាក់ ហើយនាយកដ្ឋានជំនាញ នឹងបន្ដបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ផងដែរ ដើម្បីលើកកម្ពស់សមត្ថភាពភា្នក់ងារសន្ដិសុខឯកជន។

ប្រធាននាយកដ្ឋានរូបនេះ បានគូសបញ្ជាក់ទៀតថា ភ្នាក់ងារសន្ដិសុខឯកជន ពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិសាធារណៈ សន្ដិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជាកម្លាំងជំនួយដ៏សំខាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច។

លើសពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមថា ភ្នាក់ងារសន្ដិសុខ ក៏មានសិទ្ធិជួយជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើស ហើយត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជនល្មើសនោះ ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ជាធរមាន ហើយភ្នាក់ងារសន្ដិសុខឯកជន ដែលកំពុងតែយាមកាមនៅកន្លែងកម្សាន្ដផ្សេងៗ ត្រូវរាយការណ៍ភ្លាមនៅពេលឃើញបទល្មើសកើតឡើង ពិសេសបទល្មើសគ្រឿងញៀន នៅតាមផ្ទះសំណាក់ ក្លឹបកម្សាន្ដ និងខារ៉ាអូខេជាដើម។

នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជាប្រធាននាយកដ្ឋាន បានធ្វើការប្ដេជ្ញាចិត្តថា នឹងធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជា មានសមត្ថភាព ចំណេះដឹង និងវិជ្ជាជីវៈខ្ពស់ ដើម្បីចូលរួមចំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាមួយអាជ្ញាធរមានសមត្ថកិច្ច៕