(ព្រះវិហារ)៖ លោក គង់ ពុទ្ធិកាអគ្គនាយកអជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា «ក្នុងនាមយើងជាកូនខ្មែរ យើងត្រូវតែស្គាល់ពីតម្លៃនៃបេតិកភណ្ឌ បើយើងមិនស្គាល់ពីតម្លៃ នៃបេតិកភណ្ឌ័ទេ គឺយើងមិនស្គាល់តម្លៃនៃកេរ្តិ៍មរតក ដែលដូនតាយើងបន្សល់ទុកឲ្យនោះទេ»។

ការលើកឡើងរបស់លោកអគ្គនាយកអជ្ញាធរជាតិព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបិទវគ្គ នៃកម្មវិធីអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃអនុវិទ្យាល័យនិងវិទ្យាល័យស្រអែម នៅក្នុងបរិវេណសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមាការចូលរួមពីទីប្រឹក្សា ប្រធាននាយកដ្ឋាន និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរដែនដីស្រុកជំក្សាន្ត ឃុំស្រអែម មេប៉ុស្តិស្រអែម មេភូមិទាំង៧ ក្នុងឃុំស្រអែម តំណាងមកពីស្ថាប័នពាក់ព័ន្ធដូចជា វរសេនាតូចការពារព្រំដែនគោក៧៩៥ នគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ប្រចាំទឹសប្រាសាទព្រះវិហារ វិទ្យាល័យស្រអែម នាយការប្រតិបត្តិ អង្កការស្កេប និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូវិទ្យាល័យនិងអនុវិទ្យាល័យជាច្រើនរូបទៀត។

លោក គង់ ពុទ្ធិកា បានថ្លែងថា ការយល់ដឹងពីតម្លៃបេតិកភណ្ឌនេះ គឺមានសារសំខាន់ណាស់ ពីព្រោះថាបេតិកភណ្ឌ គឺជាដួងព្រលឹង នៃជនជាតិខ្មែរយើងទាំងអស់គ្នា កាលណាយើងអត់ស្គាល់ពី តម្លៃបេតិកភណ្ឌ បានន័យថា យើងអត់ស្គាល់ពីតម្លៃកេរ្តិ៍មរតកដូនតាយើងដែលបានបន្សល់ទុកឲ្យ អត់ដឹងអត្តសញ្ញាណយើងមកពីណា។ លោកថា យើងទៅលេងប្រាសាទ បើយើងអត់យល់ពីបេតិកភណ្ឌ គឺយើងមើលឃើញតែថ្មទេ ប៉ុន្តែបើយើងយល់ពីបេតិកភណ្ឌ យើងយល់ចម្លាក់រូបនេះបានន័យថា មិចយើងដឹងប្រាសាទ និងកសាងពីពេលណា យើងដឹងថា អ្នកណាកសាងប្រាសាទនេះឡើងទេ ហើយជាតម្លៃបេតិកភណ្ឌ បើយើងមិនយល់ពីតម្លៃវាទេ គឺយើងឃើញតែដុំថ្ម។

លោកបញ្ជាក់ថា នេះគឺជាភាពខុសគ្នារវាងអ្នកដែលចេះ និងអ្នកដែលមិនចេះ ចឹងប្អូនៗដែលចូលរៀនវគ្គនេះ គឺចេះជាងប្អូនៗដែលមិនបានចូលរៀនមួយផ្នែក។ ចឹងប្អូនៗនៅថ្ងៃក្រោយដើរលេង ជាមួយឪពុកម្តាយ លោកតា លោកយាយ និងមិត្តភ័ក្រទៅកាន់ប្រាសាទផ្សេងៗ ក៏អាចមានចំណេះដឹងសម្រាប់ពន្យល់គាត់ បង្ហាញគាត់ថា ប្រាសាទនេះកសាងនៅឆ្នាំនេះ ដោយព្រះរាជានេះ ដែលនេះជាតម្លៃមួយដែលកូនខ្មែរយើងត្រូវតែដឹងទាំងអស់គ្នា។

សូមបញ្ជាក់ថា កម្មវិធីបិទវគ្គនេះ ក៏មានការផ្តល់រង្វាន់ដល់សិស្សចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ និងសិស្សជាប់ចំណាត់ថ្នាក់លើកទឹកចិត្ត៦នាក់ថែមទៀតនូវ សម្ភារសិក្សា និងថវិកាផងដែរ។ កម្មវិធីអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌនេះ ធ្វើនៅរៀងរាល់ថ្ងៃសៅរិ៍ មានរយៈពេលសរុប ៣៦ម៉ោង ដោយចាប់ផ្តើមពីខែមីនាដល់ខែកក្កដា ឆ្នាំ២០១៩ និងមានប្រធានបទចំនួន១៨ ទាក់ទាងនឹងបេតិកភណ្ឌរូបីនិងអរូបី ធនធានធម្មជាតិ និងបរិស្ថាន សំណង់ស្ថាបត្យកម្មលំនៅដ្ឋានខ្មែរ ការអភិវឌ្ឍវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពសហគមន៍ និងមានសិស្សចូលរួមសរុប១២៥នាក់។

គ្រួបង្គោលនៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនេះមានចំនួន ៧រូប សុទ្ធសឹងជាមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ មកពីនាយកដ្ឋានចំនួន៦គឺ នាយកដ្ឋានរដ្ឋបាល ហិរញ្ញកិច្ចទំនាក់ទំនងសាធារណៈ ផែនការ នីតិកម្ម, នាយកដ្ឋានបរិស្ថាន ព្រៃឈើ និង ទឹក, នាយកដ្ឋាននគរូបនីយកម្ម អភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្ត្រ, នាយកដ្ឋានអភិវឌ្ឍទេសចរណ៍ប្រាសាទព្រះវិហារ, នាយកដ្ឋានសារមន្ទីរ ឯកសារ និងស្រាវជ្រាវ, នាយកដ្ឋានរមណីយដ្ឋាននិងបុរាណវិទ្យា។ការអប់រំផ្សព្ខផ្សាយនេះ មានកម្មវិធីបង្រៀននៅក្នុងថ្នាក់ និងទស្សនកិច្ចទៅរមណីយដ្ឋានប្រាសាទកោះកែរ និងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងយល់អំពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិព្រះវិហារ៕