(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសពីចំណាត់ការបន្តដោយមិនត្រឹមការកាត់ស្លាកពាណិជ្ជកម្ម ដែលមិនគោរពតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ទម្លាក់ចុះនោះទេ ថែមទាំងត្រូវនាំយកម្ចាស់អាជីវកម្មនោះមកកាន់សាលាក្រុង ដើម្បីធ្វើការអប់រំ ត្រួតពិនិត្យ ទិដ្ឋការ សៀវភៅការងារ និងផ្អាកអាជីវកម្មនោះ ដោយតម្រូវឲ្យស្នើសុំច្បាប់ជាមុនទើប អនុញ្ញាតឲ្យមានអ្នកធានាត្រឡប់ទៅវិញ និងបើកអាជីវកម្មឡើងវិញ។

មន្រ្តីសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះថា ចំណាត់ការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ ចំពោះស្លាកយីហោទាំងឡាយ ដែលស្តាប់ទៅមិនត្រឹមត្រូវ និងខុសច្បាប់។

ចំណាត់ការបែបនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្លាកយីហោ ដែលជនជាតិចិនជាច្រើនបានបើកអាជីវកម្មដោយសរសេរអក្សរ និងឈ្មោះមិនត្រឹមត្រូវស្តាប់មិនបាននោះទេ៕