(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាល រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន បង្ក្រាបបានរ៉ឺម៉កកែច្នៃសណ្ដោង២គ្រឿង នៅស្រុកសេសាន និងដុតចោលនៅនឹងកន្លែងតែម្ដង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីទទួលផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

បើតាមសេចក្ដីរាយការណ៍ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានដកហូត និងដុតកម្ទេចរ៉ឺម៉កកែច្នៃសណ្ដោងឈើចំនួន០២គ្រឿង នៅចំណុចនិយាមការ (0647126-1481476) ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

គួរជម្រាបថា ក្នុងរង្វង់ប្រតិបត្តិការមួយរយៈពេលចុងក្រោយនេះ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ និងដកហូតបានមធ្យោបាយប្រព្រឹត្តបទល្មើស រួចដុតកម្ទេចចោលនៅនឹងកន្លែងផងដែរ៕