(កណ្តាល)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោក ណុប រ័ត្ននិមល ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារ ថ្នាក់កណ្តាលចុះជួយយុវជន ស្រុកកណ្តាលស្ទឹង តំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងសហការី ព្រមទាំងមានការចូលរួមពីសំណាក់ លោកអភិបាលស្រុកកណ្តាលស្ទឹង ការិយាល័យអប់រំយុវជននិងកីឡាស្រុក និងអាជ្ញាមានសមត្ថកិច្ច លោកនាយក នាយករង លោកគ្រូអ្នកគ្រូនៃវិទ្យាល័យទាំង៣ ទូទាំងស្រុកកណ្តាលស្ទឹង ដោយមានការឯកភាពពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលក្រុមការងារយុវជនថ្នាក់កណ្តាល ចុះជួយយុវជនស្រុក បានរៀបចំធ្វើកម្មវិធីប្រឡងសាកល្បង មធ្យមសិក្សាទុតិយភូមិសំរាប់សិស្សានុសិស្សថ្នាក់ទី១២ ដែលអញ្ជើញមកពីវិទ្យាល័យហ៊ុន សែន កំពង់កន្ទួត, វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស, វិទ្យាល័យព្រែកស្លែង សរុបចំនួន៤៩៩នាក់ ដែលធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបាគូរស្រុកកណ្តាលស្ទឹង។

ក្នុងនោះមានការចូលរួមសង្កេតការណ៍ និងសម្របសម្រួលតាមបន្ទប់ប្រឡងសាកល្បងនីមួយៗដោយក្រុមក្រុមយុវជន ស ស យ ក ឃុំ ស្រុក យុវជន ខ៤ និងប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយយុវជនឃុំក្នុងស្រុកកណ្តាលស្ទឹងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ណុប រត្ន័និមល ក្នុងនាមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងឲ្យដឹងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងរីកចំរើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបធ្វើឲ្យយើងទាំងអស់គ្នាមានឱកាស ក្នុងការរៀបចំប្រឡងសាកល្បងនេះឡើង ហើយវាពុំមែនជាលើកទី១ ទេ គឺយើងបានរៀបចំចំនួន៤ លើកមកហើយ។

ចំពោះការរៀបចំការប្រឡងសាកល្បងនេះ ដើម្បីវាស់ស្ទង់ចំណេះវិជ្ជារបស់សិស្សានុសិស្សថ្នាក់ទី១២ ដែលបានសិក្សារយៈកាលកន្លងមក ឲ្យពួកគាត់រកនូវចំនុចខ្លាំងខ្សោយនៃមុខវិជ្ជានីមួយៗ រួចបន្តខិតខំសិក្សាពង្រឹងបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈទៅប្រឡងពិតប្រាកដឲ្យទទួលបានលទ្ធផលល្អ។

លោកក៏បានបញ្ជាក់បន្ថែមថា «មានតែការខិតខំរៀនសូត្រឲ្យចេះពិតប្រាកដទេ ទើបអាចប្រឡងជាប់ ហើយដើម្បីរៀនសូត្រឲ្យបានពូកែ ប្អូនៗទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ជៀសឆ្ងាយពីគ្រឿងញៀន យកពេលវេលាឲ្យមានតំលៃដើម្បីពង្រឹងចំណេះដឹងអោយក្លាយជាទំពាំងស្នងឬស្សី ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ធនធានមនុស្សល្អដើម្បី ចូលរួមចំណែកបំរើសង្គមជាតិយើងនាពេលអនាគត»

គួរបញ្ជាក់ដែរថា ក្រៅពីការរៀបចំប្រឡងសាកល្បងនេះ ក្រុមការងារថ្នាក់កណ្តាលចុះជួយយុវជនស្រុកកណ្តាលស្ទឹង តែងតែធ្វើសកម្មភាពចុះជួយដល់យុវជន ដែលជួបការលំបាកក្នុង ស្រុកកណ្តាលស្ទឹង, រៀបចំកម្មវិធីប្រកួតកីឡា និងសកម្មភាពផ្សេងៗទៀត ដែលបំរើផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋានផងដែរ៕