(មណ្ឌលគិរី)៖ បន្ទាប់ពីឃាត់ខ្លួន និងបញ្ចប់ការសួរនាំជំហ៊ានដំបូងនោះ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនខ្លួនមន្ដ្រី ៣នាក់ទៀត រួមមាន មន្ដ្រីរដ្ឋបាលព្រៃឈើ២រូប និងមន្ដ្រីបរិស្ថានម្នាក់ នៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ទៅតុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី។

មន្ដ្រីទាំង៣រូប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖

*ទី១៖ លោក ហាន សាខន អាយុ៤៨ឆ្នាំ មានតួនាទីជា នាយកដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់
*ទី២៖ លោក សារូ រតនា អាយុ៤៦ឆ្នាំ នាយករងរដ្ឋបាលព្រៃឈើ
*ទី៣៖ លោក ហ៊ុន វណ្ណេ អាយុ៥៣ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ ក្នុងស្រុកលំផាត់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ទៀតថា មន្ដ្រីទាំង៣រូបនេះ ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើជាមួយ ក្រុមហ៊ុនប៉ាស៊ីហ្វិក ដែលក្នុងនោះ ក៏ជាប់ពាក់ព័ន្ធជាមួយក្រុមជនជាតិវៀតណាម ដែលត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនោះផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់ជនដែលពាក់ព័ន្ធផ្សេងទៀត មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះនៅឡើយទេ ដោយសារតែការចាប់ខ្លួនបន្ដទៀតនោះ ដោយយោងទៅតាមការឆ្លើយដាក់បន្ទុក មានសាក្សី ភ័ស្ដុតាង និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

ជាមួយគ្នានេះ អតីតមេបញ្ជាការអាវុធហត្ថស្រុកកែវសីម៉ា លោក សាក់ សារុន ដែលជាបងប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏ត្រូវតុលាការចេញដីកាតាមចាប់ខ្លួនផងដែរ៕