(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ម្តងទៀតថា ការចុះផ្សាយរបស់កាសែត The Wall Street Journal របស់អាមេរិក គឺមានចេតនាអាក្រក់បំផុត ក្នុងគោលបំណងប្រឆាំង និងបំផ្លាញសន្ដិសុខសន្តិភាពនៅកម្ពុជា និងក្នុងតំបន់ ដូចនេះមន្ត្រីសហរដ្ឋអាមេរិក រួមនឹងអ្នកកាសែតមួយចំនួន ដែលគ្មានវិជ្ជាជីវៈ ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រតិកម្មជាថ្មីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច រួមជាមួយលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន និងរក្សាសន្តិភាព សម្រាប់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។

សម្តេចប្រមុខការពារជាតិកម្ពុជារូបនេះ បានប្រតិកម្មយ៉ាងដូច្នេះថា៖ «ការចុះផ្សាយព័ត៌មាននេះ គឺធ្វើឡើងក្នុងចេតនាអាក្រក់បំផុត ក្នុងគោលបំណងប្រឆាំង និងបំផ្លាញសន្ដិសុខ សន្តិភាពនៅកម្ពុជា និងក្នុងតំបន់ ដូចនេះមន្ត្រីសហរដ្ឋអាមេរិករួមនឹងអ្នកកាសែតមួយចំនួន ដែលគ្មានវិជ្ជាជីវៈ ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ បានចែងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ខ្ជួននូវពេលនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកឡើងថា នាពេលថ្មីៗនេះ មានចេញផ្សាយព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិក បានចោទប្រកាន់កម្ពុជា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាសម្ងាត់មួយ អនុញ្ញាតឱ្យយោធាចិន ប្រើប្រាស់ដោយផ្តាច់មុខ នៅមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ក៏បានសង្កត់ធ្ងរថា កិច្ចព្រមព្រៀងនេះ កម្ពុជាផ្តល់ឱ្យភាគីចិន ធ្លាប់មុនធ្វើជាមូលដ្ឋានទាហាពជើងទឹកចិន ជាផ្នែកមួយនៃឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលចិនកំពុងសាងសង់ ធ្វើជាមូលដ្ឋានយោធា រយៈពេល៣០ឆ្នាំ សម្រាប់ដាក់ទ័ព គ្រឿងសព្វាវុធ កន្លែងចត។ល។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា មិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាផងទៅវិញទៅមក។ កម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពបស់ខ្លួនឡើយ។ កម្ពុជាមិនអនុញ្ញាតឱ្យមាន មូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោជារបស់ខ្លួន នៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជា រក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកង កម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។ នាពេលថ្មីៗនេះ ជាការឆ្លើយតបទៅនឹងតម្រូវការ របស់អង្គការសហប្រជាជាតិ សម្រាប់បច្ចុប្បន្ន និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់បន្តសកម្មភាព ជាអាទិភាព ក្នុងការថែរក្សា និងពង្រឹង សន្តិភាព ស្ថិរភាពក្នុងប្រទេស ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងលោកបន្តទៀត៕