(ភ្នំពេញ)៖ បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ និងតំណាងអយ្យការមិនមានពេលគ្រប់គ្រាន់ ក្នុងការសួរដេញដោលលើជនត្រូវចោទឈ្មោះ អ៊ួន ឈិន ឈ្មោះ យាង សុភារិន្ទ ហៅ យាង សុជាមេត្តា ពីបទពាក់ព័ន្ធការផ្តល់ព័ត៌មានដល់រដ្ឋ ឬភ្នាក់ងារបរទេសដែលអាចអន្តរាយ ដល់ការការពារជាតិនោះ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានសម្រេចលើកយកទៅបន្តដាក់ជំនុំជម្រះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បន្តទៀត។

ទោះជាយ៉ាងណាក៏ដោយ ជនត្រូវចោទឈ្មោះ អ៊ួន ឈិន និងយាង សុភារិន្ទ ហៅ យាង សុជាមេត្តា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ដដែលនេះក៏ត្រូវបាន តុលាការជំនុំជម្រះលើបទចោទមួយទៀត គឺករណីផលិតវីឌីអូអាសអាភាស ហើយការផលិតវីដេអូអាសអាភាសនេះ គឺជាបទល្មើសទី២ ដែលលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវតុលាការចោទប្រកាន់ នៅក្នុងឆ្នាំ២០១៨ ក្រោយពិនិត្យលើវត្ថុដែលចាប់យកបានបង្ហាញភស្តុតាងដាក់បន្ទុក។

សូមបញ្ជាក់ថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍»។ អ្នកទាំងពីរត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារនៅក្នុងពន្ធនាគារអស់ជិត១ឆ្នាំ បន្ទាប់មកត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ការចាប់ខ្លួនរបស់បុគ្គលវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុរបស់អាមេរិកមួយនេះ បានបិទការិយាល័យលួចលាក់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា៕