(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយដឹកជញ្ជូន ជូនដល់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិត ប្រមាណជិត១០០នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ ជីន យី ហ្គាមែន (ខេមបូឌា) ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា រយៈពេល៦ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរនៅកម្ពុជា បានកើតឡើងចំនួន ២,១៧១លើក កើនឡើង ៥៣៨លើក ដែលក្នុងនោះមានចំនួន៣៣% នៃចំនួនកម្មករ បានទទួលគ្រោះថ្នាក់ចរាចរណ៍ ហើយបើធៀបនឹងឆ្នាំកន្លងទៅមានតែ១៧% ពោលឆ្នាំនេះមានការកើនឡើង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយនៅថ្ងៃនេះ គឺអនុវត្តជំហ៊ានទី១ ដើម្បីពន្យល់ឲ្យអ្នកបើកបរ រថយន្ដដឹកកម្មករទាំងអស់ បើកបរឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយត្រូវចេះទទួលខុសត្រូវលើវាសនាខ្លួនឯង និងត្រូវចេះទទួលខុសត្រូវលើវាសនាអ្នកដទៃ ពោលអ្នកដែលរួមដំណើរ។

បើតាមអគ្គស្នងការរង ហ៊ឹម យ៉ាន អ្នកបើកបរទាំងអស់ក្រៅពីចេះច្បាប់ ចេះបើកបរ ក៏ត្រូវបើកបរដោយមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ទើប ការបើកបរប្រកបដោយសុវត្ថិភាព៕