(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សុខភាពរបស់សម្ដេច គឺរឹងមាំធម្មតា ហើយស្អែកសម្ដេចនឹងជួបភ្ញៀវ មកពីមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រជាពលរដ្ឋដែលបានជូនពរដល់សម្ដេច ខណៈដែលសម្ដេចអះអាងថា អ្វីដែលសំខាន់បំផុតសម្រាប់សម្ដេច គឺជនរួមជាតិមានការងារ មុខរបររស់នៅសុខសប្បាយ និងកូនចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង។

តាមរយៈ Facebook នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។ ស្អែកនេះ ខ្ញុំជួបភ្ញៀវមកពីមូលនិធិអន្តជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្តីការ។ អរគុណបងប្អូនដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិមានការងារមុខរបររស់នៅសុខសប្បាយ និងកូនចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង។ ខ្ញុំសូមជូនពរ និងអរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ»