(ភ្នំពេញ)៖ អាជ្ញាធរសង្កាត់ចោមចៅ២ ដឹកនាំដោយលោកចៅសង្កាត់ វ៉ា សារ៉ង បានដាក់គ្រឿងចក្រ ចុះទៅកាយផ្លូវបេតុង១ខ្សែ ដែលកំពុងទទួលរងនូវការខូចខាតទាំងស្រុងប្រវែង ៣០ម៉ែត្រ មិនអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរកើត ដើម្បីចាក់ក្រាលបេតុងថ្មី បំពេញឲ្យស្អាតដូចដើម និងឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល និងប្រកបដោយសុវត្ថិភាពឡើងវិញ។

ផ្លូវដែលខូចខាតនោះ ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងត្រូវបានអាជ្ញាធរដាក់គ្រឿងចក្រកាយវេលាម៉ោង៤រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។

លោក វ៉ា សារ៉ង បាននិយាយថា ផ្លូវបេតុងខាងលើស្ថាបនាដោយការចាក់ក្រាលបេតុងដោយប្រើឆ្អឹងឫស្សី កាលពីអំឡុងឆ្នាំ២០០៦ បើគិតរហូតមកទល់ និងឆ្នាំ២០១៩នេះ ផ្លូវនោះមានអាយុ១៣ឆ្នាំហើយ។

ការស្ថាបនានាពេលនោះ មិនបានប្រើប្រាស់ឆ្អឹងដែកទេគឺប្រើឆ្អឹងឫស្សីមានប្រវែង ២៤០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ហើយតភ្ជាប់ពីផ្លូវវ៉េងស្រេង ត្រង់ចំណុចភូមិជ្រៃកោង ចូលទៅកាន់ភូមិព្រៃសណ្ដែក ភូមិព្រៃល្វា និងនិងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ប៉ុន្តែវាមិនបានខូចខាតទាំងប្រវែង២៤០០ម៉ែត្រនោះទេ គឹខូចត្រឹមតែប្រវែង៣០ម៉ែត្រប៉ុណ្ណោះ ដែលមិនអាចឲ្យប្រជាពលរដ្ឋ ធ្វើចរាចរទៅមកបានឡើយ។

លោកចៅសង្កាត់ បានថ្លែងបន្តថា ការខូចខាតនោះ បង្កឲ្យអ្នកភូមិជួបការលំបាកយ៉ាងខ្លាំង។ ដោយសារតែបែបនេះ ទើបមិនអាចនៅស្ងៀមបាន លោកក៏បានដឹកនាំកម្លាំងដាក់គ្រឿងចក្រ ចុះទៅកាយត្រង់ចំណុចខូចចេញដើម្បី ចាក់ក្រាលបេតុងថ្មីបំពេញជួសជុលកែលម្អរឡើងវិញ សម្រាប់សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ៕